មូលនិធិអាស៊ី ជួយសិក្សា និងស្វែងយល់អំពីបទពិសោធន៍ និងកម្រិតនៃការពេញចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទីផ្សារទេសចរណ៍សំខាន់ៗ របស់កម្ពុជា
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Meloney C. Lindberg នាយិកាមូលនិធិអាស៊ីប្រចាំកម្ពុជា បានជួបពិភាក្សាការងារ ស្តីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងមូលនិធិអាស៊ី ព្រមទាំងការផ្តល់នូវជំនួយបច្ចេកទេសដ៏សំខាន់លើគម្រោង «Cambodia International Visitors' Survey (CIVS)» ។
ក្នុងជំនួបនេះ លោកស្រី Meloney C. Lindberg បានគោរពជម្រាបជូនលោករដ្ឋមន្ត្រី អំពីសកម្មភាព និងកិច្ចសហប្រតិបត្តិការរវាងមូលនិធិអាស៊ី និងក្រសួងទេសចរណ៍នាពេលកន្លងមក ជាពិសេសការគាំទ្រលើការស្រាវជ្រាវ ការកសាងសមត្ថភាព និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងបានធ្វើបទបង្ហាញអំពីគម្រោង «Cambodia International Visitors' Survey (CIVS)» ដែលមានគោលបំណងសិក្សា និងស្វែងយល់អំពីបទពិសោធន៍ និងកម្រិតនៃការពេញចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទីផ្សារទេសចរណ៍សំខាន់ៗ របស់កម្ពុជា។
តាមរយៈការស្ទង់មតិដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នឹងជួយផ្តល់នូវទិន្នន័យសំខាន់ៗ ដូចជារយៈពេលស្នាក់នៅ សកម្មភាពដែលភ្ញៀវទេសចរចូលចិត្តការចំណាយ ។ល។
ជាមួយគ្នានេះ លោកស្រីបានបន្ថែមថា ទិន្នន័យដែលទទួលបាន នឹងជួយឱ្យក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធអាចតាមដាននិន្នាការទីផ្សារ កំណត់អត្តសញ្ញាណផលិតផល និងសកម្មភាពដែលភ្ញៀវទេសចរពេញនិយម ព្រមទាំងរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ភ្ញៀវទេសចរ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានឯកភាពគ្នាលើសារៈសំខាន់នៃការប្រើប្រាស់ទិន្នន័យ និងការស្រាវជ្រាវជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ និងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបានពិភាក្សាស៊ីជម្រៅលើកិច្ចសហការអនុវត្តគម្រោង «Cambodia International Visitors' Survey (CIVS)» ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងមូលនិធិអាស៊ី និងក្រសួងទេសចរណ៍។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះមូលនិធិអាស៊ី ដែលតែងតែជាដៃគូដ៏សំខាន់ និងយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ ក្នុងការគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាការចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌពិភពលោករបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ ព្រមទាំងបានចាត់តាំងក្រុមការងារជំនាញ ធ្វើការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយមូលនិធិអាស៊ីក្នុងការអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ដែលត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕