ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តត្បូងឃ្មុំ បើកយុទ្ធនាការផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងសំណល់ប្លាស្ទិក និងសំរាមប្រកបដោយនិរន្តរភាព នៅស្រុកអូររាំងឪ
ត្បូងឃ្មុំ៖ លោកស្រី ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ បានបើកយុទ្ធនាការផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងសំណល់ប្លាស្ទិក និងសំរាមប្រកបដោយនិរន្តរភាព សម្រាប់ថ្នាក់ក្រោមជាតិ នៅស្រុកអូររាំងឪ នៅទីតាំងចំនួនពីរ គឺនៅសាលាបឋមសិក្សាថ្នល់កែង និងសាលាមត្តេយ្យសហគមន៍អូរពពូល។
លោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងថា យុទ្ធនាការនេះ មានសារៈសំខាន់ជាសារវន្ត ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងសោភ័ណភាពមូលដ្ឋាន ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត សូមចូលរួគាំទ្រគ្រប់យន្តការ ដើម្បីធ្វើយ៉ាងណាឱ្យបរិស្ថាននៅក្នុងខេត្តទាំងមូលមានភាពស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិកតាមដងផ្លូវ និងទីសាធារណៈ។
ថ្លែងក្នុងឱកាសនោះដែរ លោកស្រី ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដោយផ្តោតសំខាន់លើការបណ្តុះស្មារតីកុមារ និងយុវជនឱ្យចេះស្រឡាញ់បរិស្ថាន ចូលរួមដាំដើមឈើ ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ព្រមទាំងបញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់ អំពីផលប៉ះពាល់អវិជ្ជមាននៃសំណល់ប្លាស្ទិក ចំពោះសុខភាពសាធារណៈ និងសង្គមជាតិ។
លោកស្រី បានបន្តថា យុទ្ធនាការនេះ បានចូលរួមយ៉ាងសកម្ម ក្នុងការអប់រំផ្សព្វផ្សាយ ដល់ក្មួយៗសិស្សានុសិស្សអំពីឥទ្ធិពលបំផ្លិចបំផ្លាញនៃកាកសំណល់ប្លាស្ទិកមកលើភពផែនដី។
លោកស្រី បានជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថរស់នៅ តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ព្រមទាំងបានដាស់តឿនដល់កុមារៗ ឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹង និងវិន័យថ្លៃថ្នូរ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំ ក្នុងការអភិវឌ្ឍប្រទេសជាតិទៅអនាគត។
គួរបញ្ជាក់ថា យុទ្ធនាការនេះ មិនត្រឹមតែជាការផ្សព្វផ្សាយជាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែគឺជាចលនាបំផុសស្មារតីជាក់ស្តែងដ៏សំខាន់មួយ ក្នុងការប្រែក្លាយស្រុកអូររាំងឪ ក៏ដូចជាខេត្តត្បូងឃ្មុំទាំងមូល ឱ្យក្លាយជាតំបន់គំរូគ្មានសំណល់ប្លាស្ទិក និងមានការរស់នៅប្រកបដោយចីរភាព និងបរិស្ថានបៃតងដ៏ស្រស់បំព្រង ៕
អត្ថបទ៖ សុខ ផន