ព័ត៌មានអន្តរជាតិ

លោក ត្រាំ ព្រមានថា អាចបិទខ្ទប់អ៊ីរ៉ង់ឡើងវិញក្នុងពេល ១៥ នាទី បើមិនគោរពអាម៉េរិក ព្រមទាំងប្រកាសថា ច្រកសមុទ្រហ័រមូសបើកឡើងវិញទាំងស្រុង

image


 
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី២២ ខែមិថុនា បានប្រកាសជាផ្លូវការនូវជោគជ័យដ៏ធំធេងក្នុងការគ្រប់គ្រងស្ថានការណ៍នៅតំបន់ច្រកសមុទ្រហ័រមូស (Hormuz) បន្ទាប់ពីទទួលបានផ្លែផ្កាពីកិច្ចពិភាក្សានៅទីក្រុងប៊ើហ្គិនស្តុក (Burgenstock) ជាមួយភាគីពាក់ព័ន្ធ ។
 
លោកប្រធានាធិបតី ត្រាំ បានសង្កត់ធ្ងន់ថា ដរាបណាប្រទេសអ៊ីរ៉ង់ នៅតែបន្តផ្តល់ការគោរពដល់សហរដ្ឋអាម៉េរិក នោះនឹងមិនមានបញ្ហាទំនាស់ណាមួយកើតឡើងឡើយ។ ទោះជាយ៉ាងណាក្ដី លោកបានព្រមានចំៗថា កងទ័ពជើងទឹកអាម៉េរិក មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើត «ជញ្ជាំងដែកថែប» ដើម្បីបិទខ្ទប់អ៊ីរ៉ង់ឡើងវិញក្នុងរយៈពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ប្រសិនបើមានការរំលោភបំពាន ។
 
ទន្ទឹមនឹងការបង្ហាញកម្លាំងយោធា រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាម៉េរិក លោក ភីត ហេកសេត (Pete Hegseth) ក៏បានធានាអះអាងបន្ថែមដែរថា កងកម្លាំងប្រដាប់អាវុធអាម៉េរិកទាំងអស់បានត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តបទបញ្ជាបិទខ្ទប់ភ្លាមៗ ដោយគ្រាន់តែរង់ចាំបទបញ្ជាតាមទូរសព្ទពីលោកប្រធានាធិបតីតែប៉ុណ្ណោះ ។
 
ក្រៅពីបញ្ហាសន្តិសុខ លោក ត្រាំ ក៏បានបង្ហើបពីដំណឹងរីករាយផ្នែកសេដ្ឋកិច្ច ដោយប្រកាសថា ច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះ បានបើកចំហទាំងស្រុងឡើងវិញហើយ ដែលញុំាងឱ្យលំហូរពាណិជ្ជកម្មប្រេងមានភាពរស់រវើកខ្លាំង រហូតដល់ថ្នាក់មានបរិមាណប្រេងហូរឆ្លងកាត់ច្រកសមុទ្រនេះ ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន ។
 
តាមរយៈកិច្ចព្រមព្រៀងថ្មីនេះ លោក ដូណាល់ ត្រាំ បានអះអាងពីភាពជោគជ័យទ្វេដងរបស់អាម៉េរិក ពោលគឺការបើកច្រកផ្លូវនាវាចរណ៍ពាណិជ្ជកម្មឡើងវិញ និងបង្កើតរបាំងការពារយ៉ាងរឹងមាំ ដើម្បីធានាដាច់ខាតថា ប្រទេសអ៊ីរ៉ង់នឹងមិនអាចមានឱកាសអភិវឌ្ឍ ឬបង្កើតអាវុធនុយក្លេអ៊ែរបានជារៀងរហូត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.