ព័ត៌មានអន្តរជាតិ

អំឡុងរដូវកាលប្រមូលផលផ្លែគូលែន អាជីវករវៀតណាមត្អូញត្អែររឿងទិន្នផលធ្លាក់ចុះ ដោយសារតែអាកាសធាតុក្តៅ

image


វៀតណាម៖ រដូវកាលប្រមូលផលផ្លែគូលែនដ៏មមាញឹកបំផុតនៅក្នុងប្រទេសវៀតណាម បានចាប់ផ្តើមឡើង ដោយធ្វើឱ្យទិដ្ឋភាពដងផ្លូវនានានៅទូទាំងស្រុកលុកង៉ាន់ (Luc Ngan) ខេត្តបាក់យ៉ាង (Bac Giang) ប្រែទៅជាពណ៌ក្រហមស្រស់បំព្រង ស្របពេលដែលផ្លែឈើរាប់លានផ្លែ បានបេះចេញពីចម្ការ ដើម្បីត្រៀមចែកចាយ ។
 
ទិដ្ឋភាពនៅលើផ្លូវជាតិលេខ៣១ បានបង្ហាញពីសកម្មភាពប្រជាកសិករដឹកជញ្ជូនផ្លែគូលែនតាមម៉ូតូយ៉ាងកុះករ ដើម្បីយកមកលក់ឱ្យក្រុមអាជីវករ ដែលកំពុងឈរជើងប្រមូលទិញ ជ្រើសរើសគុណភាព និងវេចខ្ចប់នៅតាមដងផ្លូវ ។
 
ទោះជាយ៉ាងណាក៏ដោយ ក្រុមអាជីវករ ដូចជា អ្នកស្រី យ៉ាប ធី ធុយ (Giap Thi Thuy) និងអ្នកស្រី ប៊ុយ ហ៊ីញ (Bui Huyen) បានបង្ហាញក្តីបារម្ភថា បញ្ហាអាកាសធាតុមិនអំណោយផលកាលពីវគ្គចេញផ្កា បានធ្វើឱ្យទិន្នផលគូលែនឆ្នាំនេះធ្លាក់ចុះរហូតដល់ទៅពាក់កណ្តាល បើធៀបនឹងឆ្នាំមុន ដែលជាហេតុធ្វើឱ្យតម្លៃហក់ឡើងខ្ពស់ និងពិបាកទិញ ។
 
បន្ថែមពីលើនេះ បញ្ហាកម្តៅថ្ងៃខ្លាំងនៅក្នុងកំឡុងពេលដឹកជញ្ជូន ក៏ជាឧបសគ្គដ៏ធំមួយក្នុងការថែរក្សាផ្លែឈើឱ្យនៅស្រស់បានយូរអង្វែងផងដែរ ដោយសារតែផ្លែគូលែនមានជាតិស្ករខ្ពស់ ងាយនឹងក្រៀមស្ងួតសំបកខ្លាំងណាស់ ។
 
តំបន់លុកង៉ាន់ ដែលជាប្រភពផលិតផ្លែគូលែនដ៏ធំបំផុតមួយរបស់វៀតណាម មិនត្រឹមតែជួយជំរុញខ្សែច្រវាក់សេដ្ឋកិច្ច និងប្រាក់ចំណូលដល់ប្រជាកសិករ និងកម្មកររាប់ម៉ឺននាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅទីនោះផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.