ព័ត៌មានអន្តរជាតិ

ពិព័រណ៍ខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិលើកទី៤ ធ្វើឡើងនៅប៉េកាំង ដោយមានតាំងបង្ហាញបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់

image


 
ប៉េកាំង, ចិន៖ ពិព័រណ៍ខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិចិន (China International Supply Chain Expo) លើកទី៤ បានចាប់ផ្តើមជាផ្លូវការ កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា នៅឯទីក្រុងប៉េកាំង ដោយបានទាក់ទាញក្រុមហ៊ុនល្បីៗមកពីជុំវិញពិភពលោក មកចូលរួមយ៉ាងច្រើនកុះករ ។
 
ព្រឹត្តិការណ៍នេះ បានបង្កើតឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការដាក់បង្ហាញបច្ចេកវិទ្យាចុងក្រោយបង្អស់ ជាពិសេសគឺមនុស្សយន្តរូបរាងដូចមនុស្ស (Humanoid robots) ដែលអាចរាំ លេងតន្ត្រី និងឆុងកាហ្វេ។ ក្រៅពីនេះ ក៏មានទាំងប្រព័ន្ធស្វ័យប្រវត្តិកម្មឧស្សាហកម្មទំនើបៗជាច្រើនផ្សេងទៀត ។
 
អ្នកជំនាញផ្នែកទីផ្សារដូចជាអ្នកស្រី ហ្គាហ្គា (Gaga) មកពីក្រុមហ៊ុន ម៉ាជីកឡេប (Magiclab) និងអ្នកស្រី ប៊ែតធី (Betty) មកពីស្ថាប័ន ស៊ីស៊ីភីអាយធី ចេជាំង (CCPIT Zhejiang) បានគូសបញ្ជាក់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទាំងនេះ កំពុងត្រូវបានអភិវឌ្ឍកាន់តែខ្លាំងឡើងៗ ដើម្បីបម្រើដល់ការងាររោងចក្រ វិស័យអប់រំ និងជីវភាពរស់នៅប្រចាំថ្ងៃ ។
 
ពិព័រណ៍ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ បានរៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកាតភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុននានា និងជំរុញកិច្ចសហប្រតិបត្តិការឆ្លងដែន ដោយមានការចូលរួមពីក្រុមហ៊ុន និងស្ថាប័នចំនួន ៦៧៦ មកពី ៨៥ ប្រទេស និងតំបន់ ។
 
ព្រឹត្តិការណ៍ដែលរៀបចំដោយក្រុមប្រឹក្សាចិនជំរុញពាណិជ្ជកម្មអន្តរជាតិមួយនេះ ត្រូវគេទទួលស្គាល់ថាជាពិព័រណ៍កម្រិតថ្នាក់ជាតិលើកដំបូងបង្អស់នៅលើពិភពលោក ដែលផ្តោតលើខ្សែច្រវាក់ផ្គត់ផ្គង់ ដោយក្នុងនោះមានដល់ទៅជាង ៦៥% ជាក្រុមហ៊ុនកំពូលៗដែលមានទ្រព្យសម្បត្តិ និងរកចំណូលបានច្រើនជាងគេបំផុតនៅលើពិភពលោក បានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.