លោក ណេតាន់យ៉ាហ៊ូ ប្រកាសថា កងទ័ពអ៊ីស្រាអ៊ែលនឹងបន្តឈរជើងនៅលីបង់ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋខ្លួន
អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសយ៉ាងដាច់អហង្ការកាលពីថ្ងៃចន្ទថា កងទ័ពការពារជាតិអ៊ីស្រាអ៊ែល (IDF) នឹងមិនដកថយឡើយ ពោលគឺបន្តធ្វើប្រតិបត្តិការយោធានៅភាគខាងត្បូងប្រទេសលីបង់ ដើម្បីការពារប្រជាជនរបស់ខ្លួន ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ ។
លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា យុទ្ធជនអ៊ីស្រាអ៊ែលមានសេរីភាពពេញលេញក្នុងការវាយប្រហារ ឬកម្ទេចរាល់ការគំរាមកំហែងទាំងឡាយណាដែលជិតកើតមានឡើង ក្នុងបំណងធានាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋអ៊ីស្រាអ៊ែលដែលរស់នៅភាគខាងជើងប្រទេស កុំឱ្យរងការវាយប្រហារសារជាថ្មី ។
ជាការឆ្លើយតបភ្លាមៗ មេដឹកនាំក្រុមហេហ្សបូឡាហ៍ (Hezbollah) លោក ណាស៊ីម កាស្សេម (Naim Qassem) បានចេញមុខបដិសេធដាច់អហង្ការចំពោះវត្តមានយោធារបស់អ៊ីស្រាអ៊ែលនៅលើទឹកដីលីបង់ ដោយបានព្រមានជាថ្មីថា ក្រុមរបស់លោកនឹងបើកការវាយបកភ្លាមៗទៅលើរាល់ការរំលោភបំពានរបស់ភាគីអ៊ីស្រាអ៊ែល ។
គួររំឭកថា ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃនេះ បានបណ្តាលឱ្យមនុស្សស្លាប់បាត់បង់ជីវិតយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយភាគីលីបង់មានមនុស្សស្លាប់ជាង ៤,១០០ នាក់ និងជម្លៀសខ្លួន ១,២ លាននាក់ ចាប់តាំងពីខែមីនា ឆ្នាំ២០២៦ មក ខណៈខាងភាគីអ៊ីស្រាអ៊ែលមានទាហាន និងជនស៊ីវិលជិត ៤០ នាក់បានបាត់បង់ជីវិត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (REUTERS/Stringer)