នាយករដ្ឋមន្ត្រីអង់គ្លេស លោក គែរ ស្តាម័រ ប្រកាសលាលែងពីតំណែង ក្រោយរងសម្ពាធជុំវិញរឿងអាស្រូវជាច្រើន
អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក គែរ ស្តាម័រ (Keir Starmer) បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃចន្ទ បន្ទាប់ពីកាន់អំណាចតិចជាង ២ ឆ្នាំ ចាប់តាំងពីការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីកាលពីខែកក្កដា ឆ្នាំ២០២៤។ ការសម្រេចចិត្តនេះ ធ្វើឡើងទាំងទឹកភ្នែក ក្រោយពេលដែលរូបលោកទទួលរងសម្ពាធ និងការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់សមាជិកសភានៃគណបក្សរបស់លោកផ្ទាល់។
ការដួលរលំនៃរដ្ឋាភិបាលរបស់លោក ស្តាម័រ បណ្តាលមកពីរលកនៃរឿងអាស្រូវជាបន្តបន្ទាប់ រួមមានការផ្ទុះឡើងនៃកុបកម្មប្រឆាំងជនអន្តោប្រវេសន៍, ការរិះគន់យ៉ាងចាស់ដៃលើប្រព័ន្ធមន្ត្រីនគរបាលអង់គ្លេសថាមាន «បទដ្ឋានពីរ» និងការមិនពេញចិត្តពីប្រជាជនក្នុងស្រុកជុំវិញការប្ដេជ្ញាចិត្តបញ្ជូនកងទ័ពទៅជួយអ៊ុយក្រែន។ លើសពីនេះ រូបលោកក៏រងនូវការវាយប្រហារយ៉ាងខ្លាំង ក្រោយការបែកធ្លាយរូបភាពរបស់អតីតឯកអគ្គរដ្ឋទូតប្រចាំនៅអាម៉េរិក នៅក្នុងសំណុំរឿងអាស្រូវផ្លូវភេទរបស់លោក ចេហ្វ្រី អ៊ែបស្ទាញ (Jeffrey Epstein)។
ទន្ទឹមនឹងនេះ ទំនាក់ទំនងរវាងលោក ស្តាម័រ និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ក៏មានភាពរកាំរកូសខ្លាំងផងដែរ ដោយលោក ត្រាំ ធ្លាប់បានរិះគន់លើបញ្ហាសេរីភាពបញ្ចេញមតិ សេដ្ឋកិច្ច និងបញ្ហាអន្តោប្រវេសន៍។ លោក ត្រាំ ថែមទាំងបានបង្ហោះសារមុនមួយថ្ងៃនៃការលាលែងពីតំណែងនេះ ដោយបានទស្សន៍ទាយយ៉ាងត្រឹមត្រូវថា លោក ស្តាម័រ នឹងត្រូវចុះចេញពីតំណែងដោយសារតែការបរាជ័យលើរឿងគោលនយោបាយសំខាន់ៗ។
ស្ថានភាពរបស់លោកនាយករដ្ឋមន្ត្រី ត្រូវបានបង្ខំឱ្យដើរដល់ផ្លូវទាល់ ក្រោយពេលដែលគូប្រជែងនយោបាយដ៏ធំរបស់លោក គឺលោក អេនឌី ប៊ើនហាំ (Andy Burnham) បានឈ្នះឆ្នោតត្រឡប់មកកាន់សភាវិញ ដើម្បីត្រៀមដណ្តើមតំណែងដឹកនាំ។ ការលាលែងពីតំណែងនេះ នឹងធ្វើឱ្យចក្រភពអង់គ្លេស ត្រូវស្វែងរកនាយករដ្ឋមន្ត្រីទី៧ ក្នុងរយៈពេលត្រឹមតែមួយទសវត្សរ៍ចុងក្រោយនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT/ VIORY | រូបភាព៖ Screenshot from RT & VIORY video.