សង្គម

កុំភ្លេចចូលរួម! ពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមិថុនា នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

image


ភ្នំពេញ៖ សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊្វុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិក (FUSAAC) នឹងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ «ពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ២០២៦» ដោយមានការគាំទ្រពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា (The U.S. Embassy)។

ពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ ២០២៦ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា។

កម្មវិធីនេះ មានគោលបំណងចម្បងក្នុងការផ្តល់ឱកាសដល់យុវជន ជាពិសេសសិស្សានុសិស្ស និងនិស្សិតក្នុងការស្វែងយល់អំពីគ្រឹះស្ថានឧត្តមសិក្សា និងស្ថាប័នអប់រំពាក់ព័ន្ធ ឱកាសអាហារូបករណ៍ កម្មសិក្សា និងឱកាសការងារ។
ជារៀងរាល់ឆ្នាំ កម្មវិធីនេះទាក់ទាញអ្នកចូលរួមជាមធ្យមចំនួន ២ ៥០០នាក់ ដោយរួមមានសកម្មភាពដូចជា សុន្ទរកថាគន្លឹះ ស្តង់ពិព័រណ៍ បទបង្ហាញសិក្ខាសាលា និងកិច្ចពិភាក្សារវាងអ្នកចូលរួមនិងអ្នកជំនាញ ដែលមានបទពិសោធន៍តាមវិស័យនានា។

ពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ “អាជីពក្នុងអន្តរកាល” គឺជាប្រធានបទមួយដ៏សំខាន់ ក្នុងបរិបទដែលប្រទេសកម្ពុជា កំពុងឆ្ពោះទៅរកប្រទេសមានចំណូលមធ្យមខ្ពស់នៅឆ្នាំ២០៣០ ការកសាងកម្លាំងពលកម្មដែលមានជំនាញ និងត្រៀមខ្លួនសម្រាប់អនាគត គឺជាអាទិភាពជាតិដ៏សំខាន់មួយ។ ទោះជាយ៉ាងណា គម្លាតរវាងការអប់រំ និងតម្រូវការទីផ្សារការងារនៅតែមាន ជាពិសេសនៅក្នុងជំនាញឌីជីថលបច្ចេកទេស និងជំនាញដែលពាក់ព័ន្ធនឹងឧស្សាហកម្ម។

“អាជីពក្នុងអន្តរកាល” បង្ហាញពីសារៈសំខាន់នៃការលើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពយុវជនក្នុងស្រុក ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពខ្លាំងរបស់ប្រទេសជាតិ។ ដូច្នេះប្រធានបទឆ្នាំនេះ នឹងបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ដែលរួមមាន បរិវត្តកម្មឌីជីថល ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការរួមបញ្ចូលជាមួយសកលលោក ដែលកំពុងកំណត់ឡើងវិញទិសដៅនៃការងារនាពេលអនាគត សំដៅទៅលើការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងការយល់ដឹង និងការត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរនៅក្នុងអាជីព ដោយសារការ វិវត្តនៃបច្ចេកវិទ្យា សេដ្ឋកិច្ច និងបរិយាកាសការងារថ្មីៗ៕