សង្គម

គណៈប្រតិភូនៃសាកលវិទ្យាល័យគរុកោសល្យខេត្តយូណាន ប្រទេសចិន មកស្វែងយល់ និងសិក្សាពីការងារអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា

image


ភ្នំពេញ៖ តបតាមការអញ្ជើញរបស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព./ACU) កម្ពុជា លោក ស៊ុន ជៀន (Sun Jian) លេខានៃគណៈអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិន និងជាអធិការនៃសាកលវិទ្យាល័យគរុកោសល្យ ខេត្តយូណាន (YNNU) នឹងដឹកនាំសមាជិកប្រតិភូចំនួន ៤រូប មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមការបញ្ជាក់ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា ការមកបំពេញទស្សនកិច្ចនេះក្នុងគោលបំណងចំនួនពីរ គឺ ទី១. ពិភាក្សាលើវិស័យប្រឆាំងអំពើពុករលួយ និងការបង្កើតប្រធានបទស្រាវជ្រាវរួមគ្នាប្រចាំឆ្នាំ ដើម្បីជំរុញការរួមបញ្ចូលគ្នារវាងបទពិសោធន៍ត្រួតពិនិត្យកិច្ចការរដ្ឋ និងអធិការកិច្ចវិន័យរបស់ចិន ជាមួយនឹងការអនុវត្តជាក់ស្តែងនៅកម្ពុជា ព្រមទាំងសិក្សាស្វែងយល់ពីស្ថានភាពនៃការអប់រំស្អាតស្អំក្នុងប្រព័ន្ធអប់រំជាតិរបស់កម្ពុជា និង ទី២. ចុះសិក្សាអំពីយន្តការការងារនៅច្រកចេញចូលតែមួយក្នុងរាជធានីភ្នំពេញ ដើម្បីសិក្សាស្វែងយល់ពីបទពិសោធន៍ជាក់ស្តែងលើការសម្របសម្រួលលើនីតិវិធីរដ្ឋបាល ការបង្កើនតម្លាភាពនៃសេវាសាធារណៈ ការអនុវត្តគម្រោង និងការកសាងប្រព័ន្ធរដ្ឋាភិបាលឌីជីថល ព្រមទាំងប្រមូលចងក្រងនូវករណីសិក្សា គំរូផ្សេងៗ។

ក្នុងកម្មវិធីនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនៃសាកលវិទ្យាល័យគរុកោសល្យខេត្តយូណាន នឹងចូលរួមប្រជុំពិភាក្សាការងារជាមួយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌទួលគោក ជំនួបទ្វេភាគីជាមួយការិយាល័យធុរកិច្ចខេត្តយូណាននៅកម្ពុជា ព្រមទាំងទៅទស្សនាព្រះបរមរាជវាំង ផងដែរ។

សូមជម្រាបថា កន្លងមកសាកលវិទ្យាល័យខេត្តយូណាន ធ្លាប់បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ៣វគ្គ ដែលមានសិក្ខាកាមជាមន្ត្រី មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ៧៥រូប រួចមកហើយ។ ការមកទស្សនកិច្ចលើកទី៤នៅកម្ពុជារបស់គណៈប្រតិភូខេត្តយូណាននេះ បង្ហាញថា ប្រទេសទាំងពីរបាននិងបន្តរក្សាចំណងមិត្តភាពដែកថែបដ៏រឹងមាំ ដើម្បីឈានទៅរកការពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍រវាងស្ថាប័នទាំងពីរឱ្យកាន់តែស្អិតរមួត និងប្រសើរឡើងថែមទៀតនាពេលខាងមុខ៕