សមត្ថកិច្ចរាជធានីភ្នំពេញ បង្ហាញមុខក្រុមក្មេងទំនើងជាច្រើននាក់ និងករណីជនបរទេសរក្សាទុកអាវុធខុសច្បាប់
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសផ្សេងៗ ដោយឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ពាក់ព័ន្ធករណីហិង្សា កាន់កាប់អាវុធខុសច្បាប់ និងរក្សាទុកអាវុធដោយគ្មានការអនុញ្ញាត។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ករណីទី១ ក្រុមក្មេងទំនើងប្រើដងឆ័ត្រ និងធាក់ម៉ូតូសមត្ថកិច្ចនៅវេលាម៉ោង ៣:៥០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភ្លើងស្តុបវត្តឫស្សីសាញ់ ផ្លូវ៥០ម៉ែត្រ ខណ្ឌដង្កោ ដោយក្រុមក្មេងទំនើងមួយក្រុមបានជិះម៉ូតូកាន់ដងឆ័ត្ររត់តាមផ្លូវ និងធ្វើសកម្មភាពធាក់ម៉ូតូរបស់សមត្ថកិច្ច។ ករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងដកហូតដងឆ័ត្រ ១ដើម ជាវត្ថុតាង។
ចំណែកករណីទី២ ក្រុមក្មេងទំនើង (SR) បានយកដុំថ្មត្រៀមគប់គូទំនាស់ នៅវេលាម៉ោង ២:៣០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចស្ថានីយប្រេងឥន្ធនៈតេលា ផ្លូវជាតិលេខ៣ ខណ្ឌដង្កោ សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើងឈ្មោះ SR ដែលពាក់ព័ន្ធករណីហិង្សាដោយចេតនា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដុំថ្មសម្រាប់គប់សងសឹក)។ ករណីនេះជនសង្ស័យ ៨នាក់ ត្រូវបានឃាត់ខ្លួន និងដកហូតដុំថ្ម ១ដុំ ជាវត្ថុតាង។
ចំពោះករណីទី៣ បង្ក្រាបក្រុម BCT ពាក់ព័ន្ធអំពើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដោយកម្លាំងជំនាញបានបង្ក្រាបក្រុមក្មេងទំនើងឈ្មោះរហសនាម BCT ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ អំពើហិង្សានេះបណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ និងខូចខាតទ្រព្យសម្បត្តិជាច្រើន រួមមាន ផ្លាកប៉ាណូ LED ដំបូលស័ង្កសី ថូស្រាបៀរ និងសម្ភារផ្សេងៗ។ ករណីសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ១១នាក់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ដោយឡែក ការបង្ក្រាបករណីរក្សាទុកអាវុធខុសច្បាប់ នៅបុរីប៉េងហួត នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះបង្ក្រាបករណីរក្សាទុកអាវុធខុសច្បាប់ នៅក្នុងបុរីប៉េងហួត សង្កាត់វាលស្បូវ។ ប្រតិបត្តិការនេះបានឃាត់ខ្លួនជនជាតិចិនម្នាក់ ឈ្មោះ CHENG FUMING អាយុ ៣៧ឆ្នាំ ដែលបានសារភាពថា អាវុធខ្លីម៉ាក CZ P-07 មួយដើម ជារបស់បុរសជនជាតិចិនម្នាក់ទៀតឈ្មោះ ATAN យកមកផ្ញើទុកមុនពេលចាកចេញទៅប្រទេសម៉ាឡេស៊ី។ វត្ថុតាងដកហូតបាន រួមមាន កាំភ្លើងខ្លីម៉ាក CZ P-07 ១ដើម បង់កាំភ្លើង ១ គ្រាប់កាំភ្លើង ១០គ្រាប់ ទូរសព្ទ iPhone ២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ខណៈជនសង្ស័យ ៤នាក់ទៀត បន្ទាប់ពីពិនិត្យឃើញថា មិនពាក់ព័ន្ធ ត្រូវបានអប់រំ និងអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕
អត្ថបទ៖ រដ្ឋ រង្សី