សង្គម

លទ្ធផលស្រាវជ្រាវចេញផ្សាយឆ្នាំ២០២៦ របស់ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍៖ ប្រពន្ធ័សុខាភិបាលកម្ពុជា បានឈានដល់ថ្នាលដ៏រុឹងមាំមួយ ដែលផ្តល់លទ្ធភាពឱ្យទទួលបានការថែទាំព្យាបាលសុខភាព ដោយផ្តោតចម្បងលើអ្នកជំងឺ

image


ភ្នំពេញ៖ រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ ប្រចាំខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភាព លទ្ធផលការងារពាក់កណ្តាលឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ នូវលទ្ធផលដែលសម្រេចបាននាពេលកន្លងមក ដែលជាការខិតខំរបស់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងអបអរសាទរដល់មណ្ឌលសុខភាពគោលដៅគម្រូ សម្រាប់ឆ្នាំ២០២៥។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមថា លទ្ធផលដែលបុគ្គលិកសុខាភិបាលទាំងអស់ បានខិតខំប្រឹងប្រែងក្នុងការពង្រឹងគុណភាពសេវា និងបង្កើនការយកចិត្តទុកដាក់ក្នុងការងារ ដោយមានការសាទរពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅតាមមណ្ឌលសុខភាព ដែលការមកទទួលសេវា មានការកើនឡើងជាលំដាប់ ដែលនេះជាភស្តុតាងមួយបញ្ជាក់ថា ប្រជាពលរដ្ឋមានការជឿទុកចិត្តមកលើប្រព័ន្ធសុខាភិបាលសាធារណៈ។

ទន្ទឹមនឹងនេះ លោកសាស្រ្តាចារ្យ បានលើកទឹកចិត្តដល់មណ្ឌលសុខភាពគោលដៅគម្រូ ឱ្យមានការចែករំលែកដល់សហភារតៈរបស់យើង នូវបទពិសោធន៍ ដែលបានអនុវត្តល្អប្រសើរ ចំពោះគុណភាព នៃការបម្រើសេវា និងការបង្កើនទំនុកចិត្ត ពីប្រជាពលរដ្ឋ ជាពិសេសក្នុងសហគមន៍។

ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកឡើងពីវឌ្ឍនភាពការងារវាយតម្លៃក្នុងវិស័យសុខាភិបាល តាមរយៈការអង្កេតស្រាវជ្រាវ ដោយក្រុមការងារវាយតម្លៃ នៃធនាគារពិភពលោក ដែលបង្ហាញពីវឌ្ឍនភាពល្អ គួរឱ្យកត់សម្គាល់ និងភាពវិជ្ជមាន នៃប្រព័ន្ធសុខាភិបាល លើសូចនាករសំខាន់ៗ ដូចជា៖ សកម្មភាពនៃការបម្រើសេវា និងភាពរឹងមាំនៃគុណភាព, ការពេញចិត្តពីការបម្រើសេវា, មណ្ឌលសុខភាព សម្រេចគោលដៅខ្ពស់ក្នុងការបម្រេីសេវាសុខភាពបឋម និងសេវាមន្ទីរពេទ្យបង្អែក មានការកើនឡើង។

«ទន្ទឹមនឹងភាពល្អប្រសើរ យើងក៏ត្រូវមានការពិនិត្យ និងកែលម្អបន្ថែមនូវចំណុចមួយចំនួន ដែលមិនទាន់សម្រេចបានគោលដៅ ដោយត្រូវយកការសិក្សា វាយតម្លៃនេះមកពិនិត្យ ពិចារណាបន្ថែម ដូចជា ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ឱសថ ការគ្រប់គ្រងនិងការបែងចែកធនធានមនុស្សឱ្យចំគោលដៅ និងសមស្រប ដើម្បីបង្កើនគុណភាពសេវាសាធារណៈកាន់តែប្រសើរជាងនេះ។»

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេច ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ គ្រប់ពេលវេលា លើជំងឺឆ្លងនានា ជាពិសេសជំងឺអេបូឡា (Ebola) ដែលកំពុងមានការរីករាតត្បាតក្នុងបណ្តាប្រទេសមួយចំនួន។ បន្ថែមពីនេះ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នលើជំងឺគ្រុនចាញ់ កុំឱ្យមានការនាំចូលពីក្រៅប្រទេស ដែលកម្ពុជាកំពុងមានវឌ្ឍនភាពល្អប្រសើរ ឈានដល់ការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា៕

អត្ថបទ៖ សន ពិសិដ្ឋ