សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាម៉េរិក ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រ ចំនួន១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្ត លើអនាគតសេដ្ឋកិច្ចរបស់កម្ពុជា
ភ្នំពេញ៖ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាម៉េរិក (DFC) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៦ និងក្រុមហ៊ុនអូវើស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភើរេសិន (OCIC) បានចុះហត្ថលេខាលើលិខិតសម្តែងបំណង ដែលកំណត់អំពីការផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារអន្តរជាតិថ្មីរបស់កម្ពុជា និងជាគម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយរបស់ប្រទេស។
ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា៖ «ថ្ងៃនេះគឺជាសមិទ្ធផលដ៏សំខាន់មួយ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ការផ្តល់ហិរញ្ញប្បទានដែលមានការស្នើឡើងដោយ DFC ឆ្លុះបញ្ចាំងពីទំនុកចិត្តលើអនាគតសេដ្ឋកិច្ចរបស់កម្ពុជា និងលើតួនាទីរបស់អាកាសយានដ្ឋាន ក្នុងនាមជាច្រកទ្វារសម្រាប់ពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការតភ្ជាប់ក្នុងតំបន់។ ការផ្តល់ហិរញ្ញប្បទាននេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងការអនុវត្តតាមស្តង់ដារអន្តរជាតិ និងតម្លៃរយៈពេលវែង ដែលគម្រោងនឹងផ្តល់ជូនដល់ការអភិវឌ្ឍ របស់ប្រទេសផងដែរ»។
«អ្នកគឺជាដៃគូដែលយើងកំពុងស្វែងរកនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ យើងសង្ឃឹមថានេះជាគម្រោងដំបូងគេក្នុងចំណោមគម្រោងជាច្រើនដែលយើងធ្វើជាមួយគ្នា»។ លោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយ នៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាម៉េរិក DFC បានមានប្រសាសន៍។
លើសពីការផ្តល់ហិរញ្ញប្បទាន ដែលមានការស្នើឡើង កិច្ចព្រមព្រៀងលិខិតសម្តែងបំណងនេះ បានបញ្ជាក់អំពីការស្របគ្នានៃគម្រោងជាមួយស្តង់ដារ នៃអភិបាលកិច្ច តម្លាភាព បរិស្ថាន និងសង្គម ដែលត្រូវបានរំពឹងទុក ដោយស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិឈានមុខ។ កិច្ចព្រមព្រៀងនេះ ក៏ត្រូវបានរំពឹងថា នឹងជួយពង្រឹងទំនុកចិត្តរបស់វិនិយោគិន លើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងបន្ថែមភាពទាក់ទាញរបស់ប្រទេស ក្នុងនាមជាគោលដៅសម្រាប់ការវិនិយោគរយៈពេលវែង។
អាកាសយានដ្ឋានអន្តរជាតិតេជោ មានការទទួលស្គាល់ជាអន្តរជាតិ សម្រាប់ការរចនា និងចក្ខុវិស័យប្រតិបត្តិការរបស់ខ្លួនផងដែរ។ ថ្មីៗនេះ អាកាសយានដ្ឋាននេះត្រូវបានទទួលស្គាល់ដោយ «Skytrax» ដែលជាស្ថាប័នវាយតម្លៃអាកាសយានដ្ឋានឈានមុខមួយ ក្នុងវិស័យអាកាសចរណ៍ និងត្រូវបានដាក់ឈ្មោះជាអាកាសយានដ្ឋាន ដែលមានសម្រស់ស្អាតបំផុតមួយ នៅលើពិភពលោក ដោយ «Prix Versailles»។ ការទទួលស្គាល់ទាំងនេះ បានបង្ហាញពីការកើនឡើង នៃភាពលេចធ្លោរបស់អាកាសយានដ្ឋាននេះ ក្នុងនាមជាមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់ក្នុងតំបន់ និងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលត្រូវបានរចនាឡើង ដើម្បីគាំទ្រការតភ្ជាប់ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា រយៈពេលវែងជាច្រើនទសវត្សរ៍ទៅមុខ។
កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ក៏ឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ជាពិសេសក្នុងវិស័យដូចជា អាកាសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម ពាណិជ្ជកម្ម និងការវិនិយោគ។ នៅពេលដែលកម្ពុជា កំពុងពង្រីកការតភ្ជាប់របស់ខ្លួន ទៅកាន់ទីផ្សារតំបន់ និងសកលលោក ភាពជាដៃគូដូចនេះ នឹងដើរតួនាទីសំខាន់ ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ទាក់ទាញការវិនិយោគអន្តរជាតិ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី