លោករដ្ឋមន្ត្រី សុខ សូកេន ជំរុញការងារដោះស្រាយបណ្ដឹងឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព ឯករាជ្យ និងរក្សាការសម្ងាត់ជូនម្ចាស់បណ្ដឹង
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារ និងតម្រង់ទិសការងារសំខាន់ៗរបស់នាយកដ្ឋាននានា ចំណុះអគ្គនាយកដ្ឋានដោះស្រាយបណ្ដឹង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប នៅទីស្ដីការក្រសួង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនេះ អង្គប្រជុំ បានស្ដាប់របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានដោះស្រាយបណ្ដឹង និងនាយកដ្ឋានចំណុះទាំងអស់ ព្រមទាំងបានពិភាក្សា និងផ្ដល់ធាតុចូលសំខាន់ៗពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដើម្បីបន្តពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារដោះស្រាយបណ្ដឹងឱ្យកាន់តែមានគុណភាព និងទាន់ពេលវេលា។
ថ្លែងក្នុងអង្គប្រជុំ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានរួមចំណែកអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពនាពេលកន្លងមក។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗ ដោយជំរុញឱ្យបន្តពង្រឹងការងារដោះស្រាយបណ្ដឹងឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព ឯករាជ្យ និងរក្សាការសម្ងាត់ជូនម្ចាស់បណ្ដឹង ស្របតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង។
ទន្ទឹមនឹងនេះ លោក ក៏បានណែនាំឱ្យពន្លឿនការរៀបចំ និងកសាងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារបណ្ដឹងនានា ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពរហ័សរហួនក្នុងការអនុវត្តការងារជូនប្រជាពលរដ្ឋ៕