អភិបាលខេត្តបន្ទាយមានជ័យ បើកវេទិកាសាធារណៈ នៅក្រុងសិរិសោភ័ណ ដោយបានដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋភ្លាមៗ បានចំនួន ១៣ករណី ក្នុងចំណោម ១៥ករណី
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសិរីសោភ័ណ បានបើកវេទិការសាធារណៈ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។
នៅក្នុងវេទិកានោះ ប្រជាពលរដ្ឋ បានលើកឡើងជាមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានានៅក្នុងមូលដ្ឋាន។ ក្នុងបញ្ហាប្រឈម និងសំណូមពរ ដែលពលរដ្ឋ បានលើកឡើង មានចំនួន ១៥ករណី ក្នុងនោះ បានដោះស្រាយចំពោះមុខ ១៣ករណី នៅសល់២ករណី នឹងត្រូវពិភាក្សាដោះស្រាយបន្ត។
លោក អ៊ុំ រាត្រី បានបញ្ជាក់ថា វេទិកានេះ ធ្វើឡើង ដើម្បីពិនិត្យកិច្ចការអភិវឌ្ឍនៅមូលដ្ឋាន អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ប្រមុខរាជដ្ឋាភិបាល និតីកាលទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
វេទិកានេះ ផ្តល់ឱកាសដល់ពលរដ្ឋ លើកឡើងនៅបញ្ហាប្រឈម និងសំណូមពរ ដើម្បីធ្វើការដោះស្រាយចំពោះមុខ ហើយចំពោះបញ្ហាដែលនៅសេសសល មិនអាចដោះស្រាយនៅចំពោះមុខបាន នឹងលើកយកទៅធ្វើការដោះស្រាយបន្ត៕
អត្ថបទ៖ ប៊ុន សំណាង