ព័ត៌មានអន្តរជាតិ

ពិព័រណ៍សម្ភារៈ និងសេវាកម្មសម្រាប់សត្វឆ្មានៅអូសាកា បង្ហាញពីភាពរស់រវើកនៃទីផ្សារនិងឧស្សាហកម្មសត្វចិញ្ចឹមរបស់ជប៉ុន

image

ជប៉ុន៖ ទីតាំងនៃតំបន់ពិព័រណ៍ថ្មីផ្តោតលើសត្វឆ្មា «អ៊ីនធើខេតស៍» (Intercats) នៅក្នុងព្រឹត្តិការណ៍សត្វចិញ្ចឹមលំដាប់អន្តរជាតិ «អ៊ីនធើផេត អូសាកា» (Interpet Osaka) ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន បានទាក់ទាញម្ចាស់សត្វចិញ្ចឹម និងអាជីវករយ៉ាងច្រើនកុះករ ដែលមកស្វែងរកផលិតផលទំនើបៗសម្រាប់សត្វឆ្មា ។

ទិដ្ឋភាពក្នុងពិព័រណ៍ បានបង្ហាញពីភាពរស់រវើក តាមរយៈការដាក់តាំងបង្ហាញសម្លៀកបំពាក់ឆ្មា, រទេះរុញ និងសម្ភារៈច្នៃប្រឌិតថ្មីៗ ដែលរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃ «ទីផ្សារនិងឧស្សាហកម្មសម្រាប់សត្វឆ្មា» នៅក្នុងប្រទេសជប៉ុន ។

ម្ចាស់សត្វឆ្មាជាច្រើន បានទម្លាយថា ពួកគេមិនរារែកចិត្តក្នុងការចំណាយលុយនោះទេ ដោយម្នាក់ៗអាចចំណាយចាប់ពី ៣០,០០០ ទៅ ៥០,០០០ យ៉េនក្នុងមួយខែ ទៅលើថ្លៃចំណីអាហារ ធានារ៉ាប់រង និងការថែទាំសុខភាព ដើម្បីផ្តល់នូវការរស់នៅដ៏ល្អប្រសើរដល់សត្វចិញ្ចឹមរបស់ពួកគេ ។

អ្នកជំនាញក្នុងវិស័យនេះ បានគូសបញ្ជាក់ថា ពេលនេះចំនួនសត្វឆ្មាចិញ្ចឹមនៅជប៉ុន បានវ៉ាដាច់ចំនួនសត្វសុនខហើយ ដែលធ្វើឱ្យតម្រូវការចំណីប្រភេទប្រណីតៗ (Premium) ដែលមានតម្លៃថ្លៃៗ កើនឡើងរហូតដល់ ២០ ភាគរយនៃទីផ្សារសរុប។

ក្នុងចំណោមផលិតផលប្លែកៗ ក៏មានការដាក់តាំងគ្រីមលាបដៃសម្រាប់មនុស្ស ដែលផ្សំឡើងពីសារធាតុរុក្ខជាតិដែលឆ្មាចូលចិត្ត ដើម្បីជួយសម្រួលដល់គ្រូពេទ្យសត្វ និងអ្នកជួយសង្គ្រោះសត្វ ក្នុងការបង្កើតភាពស្និទ្ធស្នាល និងកាត់បន្ថយសម្ពាធផ្លូវចិត្តរបស់សត្វឆ្មាថែមទៀតផង ។

ទីផ្សារសេវាកម្ម និងផលិតផលសម្រាប់សត្វឆ្មានៅជប៉ុន បានបង្ហាញពីភាពស៊ីជម្រៅខ្លាំង ដោយការប៉ាន់ប្រមាណបានបង្ហាញថា ឥទ្ធិពលសេដ្ឋកិច្ចពីការចិញ្ចឹមឆ្មា បានហក់ឡើងដល់ទៅប្រហែល ២,៩ ទ្រីលានយ៉េន កាលពីឆ្នាំ២០២៥ ជាមួយនឹងចំនួនឆ្មាចិញ្ចឹមជាង ៩ លានក្បាលទូទាំងប្រទេស ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.