ព័ត៌មានជាតិ

ក្នុងមួយឆ្នាំៗសហគមន៍តំបន់ការពារធម្មជាតិ អាចរកចំណូលបានរាប់សិបម៉ឺនដុល្លារ ពីអនុផលព្រៃឈើ និងទេសចរណ៍ ដោយគ្រាន់តែចូលរួមពង្រឹង ការពារ និងអភិរក្សធនធានធម្មជាតិ

image

ភ្នំពេញ៖ រហូតមកដល់ឆ្នាំ២០២៦ សហគមន៍តំបន់ការពារធម្មជាតិ បានកើនឡើងចំនួន ១៩៤សហគមន៍ មានសមាជិកសរុប ៧៣ ២៣៧គ្រួសារ និងបានចូលរួមគ្រប់គ្រងព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិទំហំ ៣៣២ ១៧៤ហិកតា។ 

យោងតាមរបាយការណ៍ពី នាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានអាចរកចំណូលបានប្រមាណ ៧០០ ០០០ដុល្លារ ពីការប្រមូលផលសំរ៉ង ប្រមូលផ្សិតប៉ប៉ក់ បានចំនួន ២៩០ ០០០ដុល្លារ ផ្សិតក្ងោក បានចំនួនជាង៥៣ ០០០ដុល្លារ ទឹកឃ្មុំ ចំនួនជាង ១១០ ០០០ដុល្លារ ផ្លែគុយចំនួន ២៤០ ០០០ដុល្លារ ជ័រទឹកជាង ៤៤៦ ០០០ដុល្លារ និងជ័រចុងបានចំនួន ៧១ ០០០ដុល្លារ។ 

លើសពីនេះ សហគមន៍តំបន់ការពារធម្មជាតិចំនួន៧ នៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងកោះកុង បានកំពុងអភិរក្ស ឫស្សី ប្រកបដោយនិរន្តរភាព សហការជាមួយដៃគូផ្នែកឯកជន និងរកចំណូលបានប្រមាណ ១២ ៥០០ដុល្លារ។

ចំណែកសហគមន៍តំបន់ការពារធម្មជាតិចំនួន ៥៣ មានសក្តានុពលគោលដៅលម្ហែបៃតង ហើយរយៈពេល៥ខែដើមឆ្នាំ២០២៦ សហគមន៍ចំនួន៣៨ ក្នុងចំណោមសហគមន៍ទាំងនោះ បានទាក់ទាញទេសចរជាតិចំនួន ៣៤២ ០២៥នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៦ ០៦៥នាក់ មកទស្សនា និងសម្រាកលម្ហែ។ សហគមន៍អាចទទួលបានចំណូលផ្ទាល់ពីការលក់សំបុត្រចូលទស្សនា បានជាង ៣០ម៉ឺនដុល្លារ (ដោយមិនទាន់គិត ពីសេវាផ្សេងទៀតដូចជា អាហារ ការដឹកជញ្ជូន មគ្គុទេសក៏ និងការស្នាក់នៅ) និងបានចូលរួមបង្កើតការងារផ្ទាល់បានប្រមាណ ៤ ៤០០នាក់។

សមិទ្ធផលទាំងអស់នេះ បានឆ្លុះបញ្ជាំងឱ្យឃើញពីធានាផលប្រយោជន៍ សហគមន៍តំបន់ការពារធម្មជាតិរយៈពេលវែង របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចូលរួមរបស់សហគមន៍មូលដ្ឋាន ក្នុងការគ្រប់គ្រងធនធានធម្មជាតិ។ ការចូលរួមការពារព្រៃឈើ សត្វព្រៃរបស់សហគមន៍ ឆ្លើយតបនឹងការចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ក្នុងនោះសហគមន៍បានចូលរួមក្នុងសកម្មភាពជំរុញភាពស្អាត និងភាពបៃតងនៅតាមមូលដ្ឋាន ដើម្បីធានាចីរភាពបរិស្ថាន និងជីវភាពរបស់សហគមន៍។ 

ជាក់ស្តែងសហគមន៍តំបន់ការពារធម្មជាតិ ចំនួន១៥ ដែលមានសមាជិកចំនួនជាង ១៥០០នាក់ បានចូលរួមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ ជាមួយគ្នានេះ សហគមន៍ចំនួន១៥ ផ្សេងទៀត បានចូលរួមចលនា បណ្តុះ «ពន្លកបៃតង» ជំរុញសកម្មភាពដាំដើមឈើ នៅតាមសហគមន៍មូលដ្ឋាន និងតាមទីសាធារណៈនានា បានចំនួនជាង ២៣៥ ០០០ដើម នៅលើផ្ទៃដីចំនួន ៧ ៥៨៤ហិកតា។

សូមបញ្ជាក់ថា ការពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង និងការចូលរួមពីអ្នកពាក់ព័ន្ធ ក្នុងការគ្រប់គ្រងធនធានធម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ដោយជួយថែរក្សាប្រព័ន្ធអេកូឡូស៊ី និងបង្កើតផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌ សម្រាប់សហគមន៍មូលដ្ឋាន។ ទន្ទឹននឹងនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងនោះសសរស្តម្ភទី២ «ភាពបៃតង» បានរួមបញ្ចូលយុទ្ធសាស្ត្រអាទិភាពក្នុងការពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង ដើម្បីការពារធនធានធម្មជាតិ ការពង្រីកគម្របព្រៃឈើ និងការអភិវឌ្ឍជីវភាពសហគមន៍៕