ព័ត៌មានជាតិ

តុលាការបង្គាប់ឱ្យឃុំខ្លួនជនជាតិចិន និងវៀតណាម ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

image

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បានចេញដីកាបង្គ្រាប់ឱ្យឃុំខ្លួនជនបរទេស ១៩នាក់ ក្នុងនោះមានជនជាតិវៀតណាម ៦នាក់ និងចិន១៣នាក់ លើសំណុំរឿង ៣ករណីផ្សេងៗគ្នា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើយោងតាមប្រភពព័ត៌មានដែលទើបតែទទួលបាននៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបានបញ្ជាក់ថា ករណីទី១ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ លោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា បានឱ្យដឹងថា ជនត្រូវចោទជាជនជាតិវៀតណាម មាន៦នាក់ រួមមាន ឈ្មោះ Nguyen Xuan troung ភេទប្រុស, ឈ្មោះ Mai van binh ភេទប្រុស, ឈ្មោះ Pham duy Quang ភេទប្រុស, ឈ្មោះ Pham troung kien ភេទប្រុស, ឈ្មោះ Phamduc duc ភេទប្រុស ‎និងឈ្មោះ Tran van dat ភេទប្រុស។ ជនជាតិវៀតណាមទាំង៦នាក់នេះត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការរៀបចំជាក្រុម និងមានការចាត់តាំង។ បទល្មើសនេះ បានប្រព្រឹត្តឡើងនៅចំណុចអាគារលេខអូរឡាំព្យា C4 សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រព្រឹត្តិបទល្មើស ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។

ចំណែកករណីទី២ លោកព្រុំ ម៉ូនីន ចៅក្រមស៊ើបសួរសាលាដំបូងរាជភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនជាតិចំនួន ៨នាក់ ឈ្មោះ Hang ming Liang ភេទប្រុស, ឈ្មោះ Chen xiang ភេទប្រុស, Xu qiu peng ភេទប្រុស, ឈ្មោះ liao changhao ភេទប្រុស, ឈ្មោះ Chen qian ភេទប្រុស, ឈ្មោះ Liang Chun hua ភេទប្រុស, ឈ្មោះ Zhang jia mei ភេទស្រី និងឈ្មោះ Yang yuan ភេទប្រុស។ ជនជាតិចិនទាំង៨នាក់នេះ ត្រូវចោទប្រកាន់ពីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានស្ថានទម្ងន់ទោស ដោយមានការរៀបចំជាក្រុមមានការចាត់តាំង (ក្រុមរូបភាពលួចលោមបញ្ឆោតដើម្បីអូសទាញជនរងគ្រោះដាក់ប្រាក់ចូលរួមវិនិយោគក្លែងក្លាយ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ ១៨ប (បុរីអរម៉ូរីសែនសុខ) ស្ថិតនៅផ្លូវលេខ ៣ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចំណុចបន្ទប់លេខ ៨៤១៨ ជាន់ទី៤ (សណ្ឋាគារ រ៉ូសហ្គាឌិន អ៊ិនធើណេសិនណល) ស្ថិតនៅផ្លូវលេខ ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអំឡុងដើមឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។

ដោយឡែករណីទី៣ លោក សុខ ឧត្តម ចៅក្រមស៊ើសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនត្រូវចោទចំនួន៥នាក់ ឈ្មោះ .WEN JIAN ZU ភេទប្រុស ជនជាតិចិន, ឈ្មោះ .CHEN NIANJIAN ភេទប្រុស ជនជាតិចិន, ឈ្មោះ.QIN JUNKAI ភេទប្រុស ជនជាតិចិន, ឈ្មោះ .OU HENG JIANG ភេទប្រុស ជនជាតិចិន និងឈ្មោះ QIN BAO DE ភេទប្រុស ជនជាតិចិន។ ក្រុមនេះប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ១៥ (បុរីពិភពថ្មី អាស៊ីអាគ្នេយ៍ ផ្លូវណាត់ប្រ៊ឺត) ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ជនត្រូវចោទទាំង១៩នាក់ខាងលើ ត្រូវបានចោទប្រកាន់តាមបញ្ញត្តិ មាត្រា៥ កថាខណ្ឌ៣ ចំណុច១ នៃច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្នត្រូវបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១(ម១) និងមណ្ឌលអប់រំកែប្រែទី២ (ម២)។

យោងតាមច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានអនុម័តកាលពីថ្ងៃទី៦ និងប្រកាសដាក់ឱ្យប្រើចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ជនល្មើសនឹងច្បាប់នេះ ប្រឈមនឹងការជាប់ពន្ធនាគារ ១ជីវិត និងពិន័យជាប្រាក់ ដល់ទៅ១ ០០០លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕