មនុស្ស២០នាក់ស្លាប់នៅលីបង់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ប៉ុន្មានម៉ោងក្រោយពីមានកិច្ចព្រមព្រៀងបទឈប់បាញ់
លីបង់-អ៊ីស្រាអ៊ែល៖ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាន អំពើហិង្សាដ៏សាហាវបានផ្ទុះឡើងជាថ្មីវិញភ្លាមៗ ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ នៅក្នុងប្រទេសលីបង់ កាលពីថ្ងៃទី២០ ខែមិថុនា។ ភាគីអ៊ីស្រាអ៊ែលបានអះអាងថា ការវាយប្រហារនេះធ្វើឡើងក្នុងលក្ខណៈការពារខ្លួន ដើម្បីឆ្លើយតបទៅនឹងការដែលក្រុមហេសបូឡាហ៍បានបាញ់គ្រាប់រ៉ុក្កែតជាង ៥០គ្រាប់ មកលើកងទ័ពរបស់ខ្លួននៅភាគខាងត្បូងលីបង់។
នៅក្នុងព្រឹត្តិការណ៍វាយប្រហារដ៏សាហាវនេះ យន្តហោះចម្បាំងអ៊ីស្រាអ៊ែលបានកម្ទេចអគារស្នាក់នៅ ៣ជាន់មួយកន្លែង សម្លាប់សមាជិកគ្រួសារមួយដែលមានគ្នា ៤នាក់ ព្រមទាំងបានទម្លាក់គ្រាប់បែកកម្ទេចអគារធនាគារកណ្តាលលីបង់ សាខាណាបាទីយ៉េ និងសម្លាប់ទាហានលីបង់ម្នាក់ផងដែរ។ ភាគីក្រុមហេសបូឡាហ៍បានចោទប្រកាន់អ៊ីស្រាអ៊ែលថាបានរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់រាប់រយដង និងបានប្រកាសថានឹងបន្តការតស៊ូប្រដាប់អាវុធ ដរាបណាកងទ័ពអ៊ីស្រាអ៊ែលមិនទាន់ដកចេញពីទឹកដីលីបង់។
ការផ្ទុះអាវុធឡើងវិញយ៉ាងខ្លាំងនេះ បានបង្កើតជាមន្ទិលសង្ស័យយ៉ាងខ្លាំងលើភាពរឹងមាំនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ក៏ដូចជាផែនការការទូតខ្នាតធំរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ដែលទើបតែប្រកាសក្នុងសប្តាហ៍នេះដើម្បីបញ្ចប់ជម្លោះ។ គួរជម្រាបថា យោងតាមរបាយការណ៍ក្រសួងសុខាភិបាលលីបង់ ឱ្យដឹងថា គិតចាប់តាំងពីថ្ងៃទី២ ខែមីនាមក ប្រជាជនលីបង់សរុបជាង ៤,០០០នាក់ហើយបានបាត់បង់ជីវិត ខណៈដែលអ៊ីស្រាអ៊ែលនៅតែបន្តរឹងទទឹងប្រឆាំងនឹងលក្ខខណ្ឌមួយចំនួនដែលគិតថាអាចរឹតត្បិតសកម្មភាពយោធារបស់ខ្លួន៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ REUTERS/Stringer