ព័ត៌មានជាតិ

ទិវាយោគៈអន្តរជាតិលើកទី១២ បានប្រារព្ធធ្វើឡើងនៅមុខវត្តឧណ្ណាលោម ដើម្បីរួមគ្នាលើកកម្ពស់សុខុមាលភាពទាំងផ្នែករាងកាយ ស្មារតី និងផ្លូវចិត្ត

image

ភ្នំពេញ៖ ស្ថានទូតឥណ្ឌា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បានប្រារព្ធទិវាយោគៈអន្តរជាតិលើកទី១២ នៅមុខវត្តឧណ្ណាលោម ដែលជាទីអារាមប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «យោគៈដើម្បីអាយុយឺនយូរ»។ 

ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមយ៉ាងកុះករពីសំណាក់អ្នកហាត់យោគៈ និងអ្នកស្ម័គ្រចិត្តជាច្រើន ដើម្បីរួមគ្នាលើកកម្ពស់សុខុមាលភាពទាំងផ្នែករាងកាយ ស្មារតី និងផ្លូវចិត្ត។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការជំរុញសកម្មភាពកីឡា និងការចូលរួមហាត់ប្រាណជាប្រចាំ គឺជាការវិនិយោគលើសុខភាព សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងរួមចំណែកជំរុញវិស័យទេសចរណ៍នៅរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើន។

លោក ហួត ហៃ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់សុខុមាលភាពសាធារណៈ តាមរយៈការពង្រឹងសេវាសុខាភិបាល ការកែលម្អអនាម័យបរិស្ថាន ការធានាសុវត្ថិភាពចំណីអាហារ ការទប់ស្កាត់គ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងការបង្ក្រាបល្បែងអនឡាញ និងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។

លោកបានបន្ថែមថា ការលើកកម្ពស់វិស័យកីឡា មិនត្រឹមតែជួយពង្រឹងសុខភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយទាក់ទាញភ្ញៀវទេសចរ បង្កើនចំណូលសេដ្ឋកិច្ច លើកកម្ពស់កិត្តិយសជាតិ និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដែលនឹងធ្វើឱ្យរាជធានីភ្នំពេញក្លាយជាគោលដៅទេសចរណ៍កាន់តែមានភាពទាក់ទាញ សុវត្ថិភាព និងមានសក្តានុពលសម្រាប់ភ្ញៀវទេសចរពិភពលោក។

ក្នុងឱកាសនោះដែរ លោក វ៉ាន់ឡាល់វ៉ាវណា បាវីតឡុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងថា យោគៈ ដែលមានដើមកំណើតពីប្រទេសឥណ្ឌាតាំងពីបុរាណកាលមក គឺជាការហាត់ប្រាណដែលជួយពង្រឹងទាំងរាងកាយ និងស្មារតី ព្រមទាំងបង្កើតភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ។ លោកបញ្ជាក់ថា ប្រទេសកម្ពុជាបានប្រារព្ធទិវាយូហ្គាអន្តរជាតិជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៥មក ហើយសកម្មភាពនេះបានរួមចំណែកលើកកម្ពស់ការយល់ដឹង និងការចាប់អារម្មណ៍លើយូហ្គាកាន់តែទូលំទូលាយនៅទូទាំងប្រទេស៕