ព័ត៌មានជាតិ

អ្នករត់ចំនួន ១.៥០០នាក់ រួមគ្នាអបអរសាទរខួប ២០ឆ្នាំ របស់អង្គការផ្កាយសមុទ្រកម្ពុជា ដើម្បីជួយគាំទ្រដល់ ការសិក្សារបស់កុមារងាយរងគ្រោះនៅកម្ពុជា

image

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ អ្នករត់ប្រណាំងនិងអ្នកចូលរួមជាង ១.៥០០នាក់ ទូទាំង ប្រទេស កម្ពុជា បានមកជួបជុំគ្នាក្នុងកម្មវិធីរត់សប្បុរសធម៌ ISF Charity Run 2026 ដើម្បីអបអរសាទរខួប ២០ ឆ្នាំរបស់អង្គការផ្កាយសមុទ្រ (ISF Cambodia) ព្រមទាំងជួយគាំទ្រដល់ការសិក្សារបស់កុមារងាយរងគ្រោះ។

 

ក្រុមគ្រួសារ មិត្តភក្ដិ មិត្តរួមការងារ ក្លឹបរត់ប្រណាំង ក្រុ មការងារក្រុមហ៊ុន និងសមាជិកសហគមន៍ បានមក រត់តាមដងផ្លូវកោះពេជ្រ ពោរពេញទៅដោយថាមពល និងស្មារតីសាមគ្គីភាព។ ស្មារតីនេះបានប្រែក្លាយ ការរត់ប្រណាំងសប្បុរសធម៌ប្រចាំឆ្នាំ ឱ្យក្លាយជាការប្រារព្ធដ៏មានន័យនៃស្មារតីសហគមន៍ ក្រោមប្រធានបទ៖ «សហគមន៍រួមរត់ កុមាររីកលូតលាស់»។

 

ព្រឹត្តិការណ៍នេះបានបង្ហាញពីកម្លាំងកើនឡើងនៃទំនួលខុសត្រូវនៃប្រជាសហគមន៍នៅប្រទេសកម្ពុជា ដោយ មានអ្នកចូលរួមមកពីគ្រប់មជ្ឈដ្ឋាន រត់ប្រណាំងជាមួយគ្នា ដើម្បីគាំទ្រចក្ខុវិស័យរួមមួយ៖ អនាគតភ្លឺស្វាងមួយ ដែលកុមារគ្រប់រូបមានឱកាសរៀនសូត្រ លូតលាស់ និងរីកចម្រើន។

 

លើសពីព្រឹត្តិការណ៍កីឡា ISF Charity Run 2026 បានបង្ហាញឱ្យឃើញថា សកម្មភាពចូលរួមដ៏សាមញ្ញ អាចបង្កើតជាផលវិជ្ជមានយ៉ាងធំធេងដល់សង្គម។ អ្នករត់ប្រណាំងម្នាក់ៗ សុទ្ធតែជាចំណែកមួយក្នុង ការជួយពង្រីកឱកាសអប់រំសម្រាប់កុមារកម្ពុជា។ ព្រឹត្តិការណ៍ឆ្នាំនេះមានអត្ថន័យពិសេសបំផុត ព្រោះវាជា ផ្នែកមួយ នៃការអបអរសាទរខួប ២០ឆ្នាំ របស់អង្គការផ្កាយសមុទ្រ ដែលជាការកត់សម្គាល់ រយៈពេល ពីរទស វត្សរ៍  ក្នុងការជួយផ្តល់កម្លាំងចិត្ត និងគាំទ្រដល់កុមារនិងក្រុមគ្រួសារ តាមរយៈការអប់រំ កីឡា និងការអភិវឌ្ឍ សហគមន៍។

 

ក្នុងរយៈពេលម្ភៃឆ្នាំកន្លងមកនេះ អង្គការផ្កាយសមុទ្របានជួយកុមាររាប់ពាន់នាក់ ឱ្យទទួលបានការអប់រំ អភិវឌ្ឍបំណិនជីវិត និងកសាងអនាគតដ៏ភ្លឺស្វាង។  ការរត់ប្រណាំងសប្បុរសធម៌នេះ បានក្លាយជាព្រឹត្តិការណ៍ សហគមន៍ដ៏លេចធ្លោមួយរបស់អង្គការ ដែលនាំមនុស្សគ្រប់មជ្ឈដ្ឋានមកជួបជុំគ្នាជារៀងរាល់ឆ្នាំ ដើម្បីអបអរ សាទរសមិទ្ធផល ដែលយើងបានរួមគ្នាបង្កើត ព្រមទាំងរួមចំណែកគាំទ្រការអភិវឌ្ឍកុមារ និងយុវជនជំនាន់ ក្រោយ។

 

អ្នកស្រី ជួប វិច្ឆិកា នាយកប្រតិបត្តិនៃអង្គការផ្កាយសមុទ្រកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ រំលឹកយើងថា ការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព កើតឡើងនៅពេលដែលសហគមន៍ រួបរួមគ្នាដើម្បី គោលបំណងដូចគ្នាមួយ។ នៅថ្ងៃនេះ បងប្អូនប្រមាណ ១,៥០០នាក់ បានជ្រើសរើសរត់មិនមែនសម្រាប់ តែខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អនាគតរបស់កុមារកម្ពុជាផងដែរ។

 

អ្នកស្រី ជួប វិច្ឆិកា បានបន្តថា ក្នុងឱកាសប្រារព្ធខួប ២០ឆ្នាំ របស់ អង្គការ ផ្កាយសមុទ្រ យើងសូមថ្លែងអំណរ គុណ យ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្នា ដែលបន្តគាំទ្រនិងរួម ដំណើរ ជាមួយយើងក្នុងការបង្កើតឱកាសអប់រំ ដើម្បីផ្លាស់ប្តូរជីវិត និងកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារ និងយុវជនកម្ពុជា។ ប្រធានបទ «រត់ជុំគ្នា ដើម្បីកុមារមានការអប់រំ» ឆ្លុះបញ្ចាំងពីជំនឿ របស់អង្គការផ្កាយ សមុទ្រថា ការចូលរួម យ៉ាងសកម្មពី សហគមន៍ គឺជាកម្លាំងដ៏សំខាន់ក្នុងការបង្កើត អនាគតកាន់តែប្រសើរ សម្រាប់កុមារ។

 

អ្នកស្រី ជួប វិច្ឆិកា តាមរយៈការជួបជុំគ្នារវាងបុគ្គល ក្រុមគ្រួសារ អាជីវកម្ម និងស្ថាប័ន សហគមន៍នានា ព្រឹត្តិគូសបញ្ជាក់ថា ការណ៍នេះ បានលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះសង្គម  ព្រមទាំងបង្ហាញពីកម្លាំង សមូហភាព ក្នុងការរួមគ្នា ដើម្បីគាំ ទ្រដល់ការអប់រំ។  អ្នកចូលរួម អ្នកស្ម័គ្រចិត្ត និងអ្នកគាំទ្រគ្រប់រូបសុទ្ធតែ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឱ្យកុមារទទួលបានឱកាសដែលអាចផ្លាស់ប្តូរជីវិតរបស់ពួកគេបាន។

 

អ្នកស្រី ជួប វិច្ឆិកា បន្ថែមទៀតថា ការចូលរួមពីវិស័យឯកជនក៏បន្តកើនឡើងជាបន្តបន្ទាប់ផងដែរ ម៉ាកយីហោ និងក្រុមហ៊ុនជាង ២០ បានគាំទ្រ ដល់កម្មវិធី ISF Charity Run 2026 តាមរយៈការឧបត្ថម្ភ ការចូលរួមជាក្រុម និងគំនិតផ្តួចផ្តើមផ្សេងៗ នៅក្នុងសហគមន៍។  ភាពជាដៃគូនេះ បង្ហាញពីការប្ដេជ្ញាចិត្តកាន់ តែរឹងមាំរបស់ វិស័យ ឯកជនកម្ពុជា ក្នុងការរួម ចំណែក បង្កើតផលវិជ្ជមានដល់សង្គម និងវិនិយោគលើអនាគតរបស់កុមារ និងយុវជនជំនាន់ក្រោយ។

 

អង្គការផ្កាយសមុទ្រ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ឧបត្ថម្ភ និងដៃគូទាំងអស់  ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដោយសប្បុរស ជួយឱ្យព្រឹត្តិការណ៍ឆ្នាំនេះ ខណៈដែល អង្គការផ្កាយសមុទ្រ បន្តដំណើរឆ្ពោះទៅកាន់ជំពូកថ្មី អង្គការនៅតែប្ដេជ្ញាចិត្តធ្វើការជាមួយសហគមន៍ ដៃគូ និងអ្នកគាំទ្រ ដើម្បីបង្កើតការផ្លាស់ប្ដូរប្រកបដោយចីរភាព តាមរយៈការអប់រំ ព្រមទាំងបន្តកសាងអនាគតមួយ ដែលកុមារគ្រប់រូបមានឱកាសរីកលូតលាស់។

ក្នុងឱកាសនោះដែរ ក្រុមយុវជនដែលបានចូលរួមក្នុងព្រឹត្តការណ៍នេះ ក៏បានសម្តែងភាពសប្បាយរីករាយ និងបានជំរុញឲ្យយុវជនដទៃទៀតគួរតែចូលរួមរត់ដើម្បីសុខភាពនិងការងារមនុស្សធម៌ផងដែរ ខណៈដែលពួកគាត់ក៏ជំរុញឲ្យយុវជនត្រូវចាកផុតពីការសេពគ្រឿងញៀនផងដែរ។

 សព្វថ្ងៃនេះ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកំពុងតែធ្វើការជាមួយនឹងកុមារ ដែលបោះបង់ការ សិក្សា ឬមិនធ្លាប់បានរៀនសូត្រ។ ថ្នាក់អប់រំពន្លឿនបង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយឲ្យសិស្ស អាចចូលរៀន ថ្នាក់ ដ៏សមស្របតាមកម្រិតអាយុរបស់ខ្លួននៅសាលារដ្ឋ។ ដើម្បីរួមចំណែកជួយកាត់បន្ថយ ឧបសគ្គនានា ដែលនាំឲ្យកុមារបោះបង់ការរៀនសូត្រអង្គការផ្កាយសមុទ្រក៏ផ្តល់ការឧបត្ថម្ភ គាំទ្រជាឯកសណ្ឋាន សម្ភារៈ សិក្សា អាហារនៅសាលារៀន សេវាថែទាំសុខភាព និងកញ្ចប់អាហារប្រចាំខែសម្រាប់ ក្រុមគ្រួសារ របស់ពួក គេទៀតផង។

 

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រគាំទ្រដល់សិស្សានុសិស្សជាង ៧០០នាក់ ឲ្យរៀនសូត្រ ចាប់ពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់ បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេ មានការងារ ធ្វើសមរម្យ។ បន្ថែមពីនេះ ក្រុមគ្រួសាររបស់សិស្សជាង ៣,០០០នាក់ ក៏ទទួលបានការ ឧបត្ថម្ភ គាំទ្រ តាមរយៈគម្រោង ផ្សេងៗរបស់អង្គការផងដែរ ៕

 

អត្ថបទ៖ចេង ឆហួត និងរូបភាព៖អេង សុគុណ