ក្រសួងការងារ៖ ខេត្តចំនួន ៤ នៅភូមិភាគឦសាន មានឱកាសការងារជិត ៥ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកស្វែងរកការងារ
ភូមិភាគឦសាន៖ បណ្ដាខេត្តចំនួន ៤ នៅភូមិភាគឦសាននៃប្រទេសកម្ពុជា មានឱកាសការងារជិត ៥ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាពេលថ្មីៗនេះ។
សេចក្ដីជូនដំណឹងរបស់ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ខេត្តទាំង ៤ រួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មានឱកាសការងារសរុបចំនួន ៤,៦៧៦កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារធ្វើ ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។
ក្រសួងការងារបានបញ្ជាក់ថា ដើម្បីទទួលបានឱកាសការងារទាំងនេះ អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារអាចស្វែងរកព័ត៌មានអំពីឈ្មោះរោងចក្រ ក្រុមហ៊ុន លេខទំនាក់ទំនង និងប្រភេទការងារដែលខ្លួនចាប់អារម្មណ៍ តាមរយៈខិត្តបណ្ណឱកាសការងារដែលក្រសួងបានផ្សព្វផ្សាយយ៉ាងលម្អិត។
ជាមួយគ្នានេះ ក្រៅពីការទាក់ទងដោយផ្ទាល់ទៅកាន់ក្រុមហ៊ុន សហគ្រាស និងរោងចក្រ អ្នកស្វែងរកការងារ ជាពិសេសអតីតពលករ ក៏អាចទាក់ទងទៅកាន់ប្រព័ន្ធទំនាក់ទំនងបន្ទាន់លេខ ១២៩៧ ដើម្បីឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយសម្របសម្រួល និងស្វែងរកឱកាសការងារសមស្របជូនផងដែរ៕