សមាជិករដ្ឋសភា៖ ការចិញ្ចឹមក្មេងកំព្រាតាមមូលដ្ឋាន គឺដើម្បីជួយសម្រាលបន្ទុករបស់អាណាព្យាបាល និងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការគាំពារវិស័យសង្គមកិច្ច ការបណ្តុះបណ្តាលកុមារ ពិសេសកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ លោក សុះ មុះសិន សមាជិករដ្ឋសភា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាល និងផ្តល់ថវិកាឧបត្ថម្ភដល់កុមារកំព្រា ក្រោមគម្រោងចិញ្ចឹមកុមារកំព្រាតាមសហគមន៍ ដែលទទួលបានការឧបត្ថម្ភពី អង្គការ Muslimhelfen សម្រាប់ ឆមាសទី១ ឆ្នាំ២០២៦។
លោក មានប្រសាសន៍ថា គោលបំណងនៃការចិញ្ចឹមក្មេងកំព្រាតាមមូលដ្ឋាន គឺដើម្បីជួយសម្រាលបន្ទុករបស់អាណាព្យាបាលលើការផ្គត់ផ្គង់ជីវភាពចិញ្ចឹមបីបាច់ថែរក្សា ថែទាំសុខភាព និងពិសេសផ្ដល់លទ្ធភាពឱ្យក្មេងៗបានទទួលការអប់រំដូចក្មេងទូទៅដែរ និងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការគាំពារវិស័យ សង្គមកិច្ច ការបណ្តុះបណ្តាលកុមារ ពិសេសកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ ទាំងនេះ គឺជាចក្ខុវិស័យ និងបេសកកម្មរបស់សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា ក្នុងការចូលរួមផ្តល់សេវាសង្គមកិច្ចប្រកបដោយសមភាព និងបរិយាបន្ន។
លោក សុះ មុះសិន បានមានប្រសាសន៍ថា ការរៀបចំពិធីផ្តល់ប្រាក់ឧបត្ថម្ភជូនក្មេងកំព្រា នាពេលនេះ ស្របពេលដែលសកលលោក និងប្រទេសកម្ពុជា ទើបតែបានប្រារព្ធទិវាកុមារអន្តរជាតិ ខួបលើកទី៧៧។ ចាប់តាំងពីឆ្នាំ១៩៤៩ មក ប្រទេសជាច្រើននៅលើសកលលោក រួមទាំងកម្ពុជាផង បានប្រារព្វទិវាកុមារអន្តរជាតិ ថ្ងៃទី១ មិថុនា។ គោលបំណងសំខាន់នៃការប្រារព្ធទិវានេះ ដើម្បីក្រើនរំលឹក និងបង្កើនការយកចិត្តទុកដាក់ ពិសេសចំពោះកុមារទាំងក្នុងជីវភាពរស់នៅ និងផ្នែកច្បាប់។ ជីវិតកុមារជាច្រើនកំពុងទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតនានា សង្គ្រាម គ្រោះទុរភិក្ស និងវិបត្តិផ្សេងៗ។ កុមារជាច្រើនខកខានទៅសាលារៀន មិនបានទទួលសេវាសុខភាព គ្មានម្ហូបអាហារគ្រប់គ្រាន់ និងរងគ្រោះខ្លាំងជាងមុនពីអំពើរំលោភបំពាន។
អត្ថន័យនៃទិវាកុមារអន្តរជាតិ ០១ មិថុនា គឺ បង្កើនការយកចិត្តទុកដាក់ខ្ពស់លើកុមារ កិច្ចគំាពារការគោរពសិទ្ធិកុមារ ទទួលស្គាល់សិទ្ធិជាសកល និងមូលដ្ឋានរបស់កុមារ គោរព និងគំាពារនៃអនុសញ្ញាជាតិ និងអន្តរជាតិជាសកលស្ដីអំពីសិទ្ធិកុមារ លុបបំបាត់ការរើសអើងចំពោះកុមារមានពិការភាព ក្រីក្រ និងសិទ្ធិជាសមភាព បញ្ឈប់ និងប្រឆាំងដាច់ខាតលើការរំលោភបំពាន ការជួញដូរ កេងប្រវ័ញ្ចន៍ ការប្រើអំពើហិង្សាគ្រប់រូបភាព ធានា និងការពារកុមារជៀសឱ្យផុតពីគ្រឿងញៀនគ្រប់ប្រភេទ ជាទំពាំងស្នងឬស្សី ជាសសរទ្រូង និងជាមូលធនមនុស្ស នាថ្ងៃអនាគតរបស់ជាតិមាតុភូមិ កុមារគឺជាកោសិការបស់ជាតិ កុមារល្អនាំឱ្យមានយុវជនល្អ នាំឱ្យមានសង្គមជាតិល្អ។
ក្នុងឱកាសនោះ សមាគមបានផ្តល់ ថវិកាឧបត្ថម្ភសរុបជិត៥ម៉ឺនដុល្លារអាម៉េរិក (៤៩,១៨២) ជូនដល់កុមារកំព្រាចំនួន ២០០ នាក់ មកពី ១៣ រាជធានី-ខេត្ត ដោយកុមារកំព្រាម្នាក់ៗទទួលបានថវិកាចំនួន ២៤៦ ដុល្លារអាម៉េរិក សម្រាប់ការសិក្សា និងការចំណាយចាំបាច់ក្នុងជីវភាពរស់នៅ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី