ឱកាសការងារជិត ១២,០០០កន្លែង រង់ចាំអតីតពលករ និងយុវជននៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នៅសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ដោយនាំយកឱកាសការងារចំនួន ១១,៩៧០កន្លែង ពីក្រុមហ៊ុន រោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៨ មកផ្តល់ជូនអតីតពលករ និងយុវជនកំពុងស្វែងរកការងារ ខណៈមានអ្នកចូលរួមជិត ៥០០នាក់។
ថ្លែងក្នុងវេទិកាក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» លោកស្រី ម៉ៅ ធីតា រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងបន្តទាក់ទាញការវិនិយោគ និងបង្កើតការងារក្នុងស្រុក ដោយនាំយកឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ទៅដល់មូលដ្ឋាន ដើម្បីជួយកាត់បន្ថយការចំណាយ និងពេលវេលារបស់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករត្រឡប់មកពីប្រទេសថៃ។
លោកស្រី បានបញ្ជាក់ថា បច្ចុប្បន្នការងារក្នុងស្រុកមានជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋក៏អាចចុះឈ្មោះសិក្សាជំនាញបច្ចេកទេសដោយឥតគិតថ្លៃតាមកម្មវិធី TVET ១,៥ លាននាក់ ព្រមទាំងទទួលបានការវាយតម្លៃ និងទទួលស្គាល់សមត្ថភាពពីមុន (RPL) ដោយឥតគិតថ្លៃសម្រាប់វិស័យសំណង់។ សម្រាប់ព័ត៌មានបន្ថែម ឬស្វែងរកការងារ សូមទាក់ទង Hotline ១២៩៧ និងព័ត៌មានអំពី ប.ស.ស. តាមលេខ ១២៨៦៕