ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ សហការរៀបចំវេទិកាផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៦នេះ ក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំវេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសដាក់ចេញកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។
វេទិកានេះ ប្រព្រឹត្តទៅក្រោមសហអធិបតីភាព និងជាវាគ្មិនកិត្តិយសពីសំណាក់លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ លោក ជុក
មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ(គ.ក.ស.) ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល។
វេទិកានេះ បើកចំហ និងដំណើរការទៅយ៉ាងសកម្ម ដែលផ្តល់ឱកាសឱ្យមានការសាកសួរសំណួរជាច្រើនពីសំណាក់អ្នកសារព័ត៌មានមកពីបណ្តាស្ថាប័នសារព័ត៌មាននានា និងការ ឆ្លើយឆ្លងពីវាគ្មិនកិត្តិយសទាំង ៣រូប ដោយផ្ទាល់ ដើម្បីផ្តល់ព័ត៌មានលម្អិតឱ្យបានកាន់តែទូលំទូលាយនូវខ្លឹមសារសំខាន់ៗដែលមានចែងក្នុងព្រះរាជក្រឹត្យ រួមជាមួយគុណតម្លៃ និងភាពចាំបាច់នៃការ រៀបចំព្រះរាជក្រឹត្យថ្មីនេះ ដល់អ្នកសារព័ត៌មាន ព្រមទាំងអ្នកចូលរួមក្នុងវេទិកាទាំងអស់បានទទួលជ្រាប ជាពិសេសជូនទៅដល់មន្ត្រីរាជការទាំងអស់ ដែលជាគ្រូ បង្រៀន និងបុគ្គលិកអប់រំ។
សូមជម្រាបថា ព្រះរាជក្រឹត្យនេះ កំណត់អំពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន ដើម្បីប្រមូលផ្តុំ និងគ្រប់គ្រងបុគ្គលិកអប់រំ ដែលទទួលការអប់រំ ការបណ្តុះបណ្តាលគរុកោសល្យ ឬវគ្គអប់រំតម្រង់ទិស មានបទពិសោធការងារ មានចំណេះដឹង និងកំពុង បំពេញការងារក្នុងវិស័យអប់រំ។ និងមានវិសាលភាពអនុវត្តចំពោះបុគ្គ លិកអប់រំ ដែលបម្រើការងារក្នុងវិស័យអប់រំនៅតាមគ្រឹះស្ថានសិក្សា និងអង្គភាពនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកមានសមត្ថកិច្ចគ្រប់គ្រងអង្គគ្រូបង្រៀន ដើម្បីធានាសង្គតិភាព និងគុណភាពនៃបុគ្គលិកអប់រំនៃអង្គគ្រូបង្រៀន។
ព្រះរាជក្រឹត្យនេះ មានអានុភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៕
អត្ថបទ៖ វង សុភ័ក្ត្រ