អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង
កណ្តាល៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យជាក់ស្តែងករណីសំណង់ផ្ទះថ្មចំនួន ២ទីតាំង ដែលកំពុងតែសាងសង់រំលោភលើដីសាធារណៈរបស់រដ្ឋ (ដីចំណីទន្លេ) ដែលទីតាំងទី១ ស្ថិតនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល និងទីតាំងទី២ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង។
ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណងធានាដល់ការគ្រប់គ្រង ការថែរក្សាដីសាធារណៈរបស់រដ្ឋឱ្យបានល្អសម្រាប់បម្រើប្រយោជន៍សាធារណៈ ព្រមទាំងដើម្បីទប់ស្កាត់សកម្មភាពរំលោភកាន់កាប់ដោយខុសច្បាប់លើដីសាធារណៈរបស់រដ្ឋ។
ក្នុងការចុះពិនិត្យនេះ លោក ហាក់ សុខមករា បានធ្វើការណែនាំដល់ម្ចាស់សំណង់ ក្រុមជាង និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យបញ្ឈប់ការសាងសង់ជាបន្ទាន់ ចាប់ពីពេលនេះតទៅ។ លោក បានគូសបញ្ជាក់ថា ប្រសិនបើបន្តសាងសង់ដោយមិនគោរពតាមការណែនាំរបស់អាជ្ញាធរ នឹងត្រូវប្រឈមចំពោះវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយអាជ្ញាធរ នឹងចាត់វិធានការដកហូតសម្ភារសំណង់ និងអនុវត្តនីតិវិធីផ្សេងៗតាមច្បាប់ជាធរមាន ដោយមិនមានការលើកលែងឡើយ។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានណែនាំដាច់ខាតនូវការស្នាក់នៅ ឬប្រើប្រាស់ទីតាំងសំណង់ទាំងនោះ ក្នុងអំឡុងពេលដែលការដ្ឋានកំពុងត្រូវបានផ្អាក ដើម្បីបង្ការហានិភ័យ និងគ្រោះថ្នាក់ជាយថាហេតុណាមួយដែលអាចកើតមានឡើង ដោយសារសំណង់មិនទាន់មានការអនុញ្ញាត និងមិនទាន់មានការវាយតម្លៃតាមបច្ចេកទេសពីមន្ត្រីជំនាញ។
លោក ហាក់ សុខមករា បានបញ្ជាក់ថា តាមការពិនិត្យរបស់មន្ទីរជំនាញ សំណង់ទាំងពីរនេះ មិនបានស្នើសុំច្បាប់អនុញ្ញាតសាងសង់ពីស្ថាប័ន ឬមន្ទីរជំនាញពាក់ព័ន្ធនោះទេ។ ដូច្នេះ សំណង់ទាំងនេះត្រូវបានចាត់ទុកថា ជាសំណង់ខុសច្បាប់ និងមិនអាចបន្តការសាងសង់បានឡើយ រហូតដល់មានការពិនិត្យ សម្រេច និងផ្តល់មតិយោបល់ពីក្រសួង និងស្ថាប័នពាក់ព័ន្ធជាមុនសិន។
លោកអភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកម៉ៅការសំណង់ និងអ្នកវិនិយោគទាំងអស់ ត្រូវគោរពតាមច្បាប់ និងនីតិវិធីជាធរមាន មុននឹងអនុវត្តគម្រោងសាងសង់ផ្សេងៗ ជាពិសេសនៅតំបន់ជាប់មាត់ទន្លេ តំបន់ដីសាធារណៈរបស់រដ្ឋ និងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័នរដ្ឋនានា ដើម្បីជៀសវាងការប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ និងការប្រឈមមុខចំពោះវិធានការផ្លូវច្បាប់ជាធរមាន៕
អត្ថបទ៖ ឈុន សុភ័ក្រ