សង្គម

សម្តេចធិបតី ជជែកគ្នាក្រៅផ្លូវការជាមួយនាយករដ្ឋមន្ត្រីថៃ ដោយលើកឡើង នូវចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

image


តាមរយៈបណ្តាញសង្គមផ្លូវការ នាល្ងាចថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា "ខ្ញុំបានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី។ ខ្ញុំបានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ទី១. កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ទី២. ពាក់ព័ន្ធនឹងព្រំដែនសមុទ្ទ គឺសូមភាគីទាំងពីរបន្តដោះស្រាយ តាមរយៈយន្តការ Compulsory Conciliation ក្រោម UNCLOS ដែលបាននិងកំពុងដំណើរការ។ ទី៣. ពាក់ព័ន្ធនឹងព្រំដែនគោក កម្ពុជាមកដល់ពេលនេះ នៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់គឺ JBC និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។ ប៉ុនែ្តកម្ពុជាជំរុញអោយភាគីថៃរៀបចំតែងតាំងប្រធានJBC ថៃ និងជំរុញអោយចាប់ផ្តើមដំណើរការចុះវាស់វែង និងខ័ណ្ឌសីមាព្រំដែនអោយបានឆាប់ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃ ២៧ ធ្នូ ២០២៥ ចំណុចទី៣ ដែលភាគីទាំងពីរបានចុះហត្ថលេខា។ ទី៤. ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោក មិនមានការចាំបាច់ក្នុងការជជែកគ្នាក្នុងពេលនេះទេ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ