ព័ត៌មានអន្តរជាតិ

មេដឹកនាំកម្ពុជា ប្រកាសជំហរការទូតដ៏រឹងមាំជាមួយរុស្ស៊ី ខណៈរុស្ស៊ីប្តេជ្ញាបន្តផ្តល់ការគាំទ្រគ្រប់បែបយ៉ាងដល់អាស៊ាន

image


 
កម្ពុជា-រុស្ស៊ី៖ គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នាទីក្រុងកាហ្សាន ដោយសម្តេចបានថ្លែងសារគូសបញ្ជាក់ពីចំណងមិត្តភាពជាប្រពៃណីជាង ៧ ទសវត្សរ៍ និងបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតីតសហភាពសូវៀត ដែលបានជួយជ្រោមជ្រែងកម្ពុជានៅក្នុងគ្រាដ៏លំបាកបំផុតនៃប្រវត្តិសាស្ត្រ ។
 
ជាមួយគ្នានេះ សម្តេចធិបតីបានសង្កត់ធ្ងន់ទៅកាន់ពិភពលោកថា ទោះបីជាបច្ចុប្បន្នស្ថានភាពភូមិសាស្ត្រនយោបាយសកលលោកមានការប្រែប្រួលយ៉ាងណាក៏ដោយ ប៉ុន្តែជំហរការទូតរបស់កម្ពុជាជាមួយរុស្ស៊ី គឺនៅតែរឹងមាំ មិនប្រែប្រួលឡើយ ពោលគឺផ្អែកលើទំនុកចិត្ត និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ហើយរុស្ស៊ីនៅតែជាដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់កម្ពុជា ។
 
គួររំឭកថា ព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នៅក្នុងទីក្រុងកាហ្សាន នៃសាធារណរដ្ឋតាតារស្ថាន (Republic of Tatarstan) ប្រទេសរុស្ស៊ីនាពេលថ្មីៗនេះ បានបិទបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី១៨ ខែមិថុនា ក្រោយប្រព្រឹត្តទៅយ៉ាងសកម្មអស់រយៈពេល ២ ថ្ងៃពេញ ។
 
នៅក្នុងឱកាសបិទអង្គប្រជុំនោះដែរ លោកប្រធានាធិបតីរុស្ស៊ី ក៏បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសការងារដ៏ស្និទ្ធស្នាល ព្រមទាំងបានប្តេជ្ញាចិត្តថា រុស្ស៊ីនឹងបន្តផ្តល់ការគាំទ្រគ្រប់បែបយ៉ាងដល់បណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងបង្កើតប្រព័ន្ធសន្តិសុខគ្រប់ជ្រុងជ្រោយនៅទូទាំងតំបន់អឺរ៉ាស៊ីផងដែរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT video.