ក្នុងជំនួបជាមួយសម្តេចតេជោ, ឯកអគ្គរដ្ឋទូតបេឡារុស ចង់ជំរុញឱ្យប្រទេសទាំងពីរ មានជើងហោះហើរត្រង់ជាមួយគ្នា ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ
ភ្នំពេញ៖ នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ឯកអគ្គរដ្ឋទូតបេឡារុស ចង់ជំរុញឱ្យប្រទេសទាំងពីរមានជើងហោះហើរត្រង់ជាមួយគ្នា ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងទេសចរណ៍នៃប្រទេសទាំងពីរ ក៏អាចទៅទស្សនាបេឡារុស ហើយប្រជាជនបេឡារុសក៏អាចមកទស្សនានៅកម្ពុជាបាន។
មានប្រសាសន៍បែបនេះនាឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យលោក អ៊ូឡាដ្សីមៀ បារ៉ាវីកូវ (Uladzimir Baravikou) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នាវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ររាជធានីភំ្នពេញ។
នៅក្រោយជំនួប លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលជួបជាមួយនឹង ឯកអគ្គរដ្ឋទូតបេឡារុស ប្រចាំកម្ពុជា។ សម្ដេចតេជោក៏បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អជាមួយគ្នារវាងប្រទេសយើងទាំងពីរ ហើយសង្ឃឹមថា ក្នុងបេសកកម្មរបស់លោកជាអគ្គរដ្ឋទូតរបស់បេឡារុស ប្រចាំកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគី រវាងកម្ពុជានិងបេឡារុស កាន់តែរឹងមាំបន្ថែមទៀត។
នៅក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតបេឡារុស បានសម្ដែងនូវការអរគុណដែលសម្ដេចតេជោបានអនុញ្ញាតឱ្យលោកបានជួបសម្ដែងការគួរសមនាពេលនេះ។ លោកបានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងបេឡារុស ដែលមានជាយូរមកហើយ និងរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសបេឡារុសនាពេលកន្លងទៅ ជាពិសេសនៅក្នុងឆ្នាំ២០១៤ នៅពេលដែលសម្ដេចតេជោនៅជានាយករដ្ឋមន្ត្រី ដែលបានពូនជ្រុំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ បន្ថែមលើសពីនេះ លោកក៏បានលើកឡើងថា កម្ពុជា និងបេឡារុសមានគោលដៅស្រដៀងគ្នា ដូច្នេះហើយប្រទេសទាំងពីរត្រូវតែពង្រឹងនូវទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លោកក៏បានលើកឡើងទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំងពីរនៅមានសក្តានុពលត្រូវធ្វើជាមួយគ្នា នៅក្នុងនោះ លោកបានលើកឡើងថា ប្រទេសទាំងពីរគួរតែមានកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ ដោយក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិ ប្រទេសទាំងពីរត្រូវតែជំរុញនូវពាណិជ្ជកម្ម សេដ្ឋកិច្ចជាមួយគ្នាឱ្យមានការកើនឡើង ដែលសម្រាប់បេឡារុស លោកលើកឡើងថា គឺមានការចាប់អារម្មណ៍ទៅលើការវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្នែកត្រាក់ទ័រ ដែលបម្រើដល់វិស័យកសិកម្មតែម្ដង។
ជាមួយគ្នានោះ លោកក៏ចង់ជំរុញឱ្យប្រទេសទាំងពីរមានជើងហោះហើរត្រង់ជាមួយគ្នា ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងទេសចរណ៍នៃប្រទេសទាំងពីរ ក៏អាចទៅទស្សនាបេឡារុស ហើយប្រជាជនបេឡារុសក៏អាចមកទស្សនានៅកម្ពុជាបាន។
បន្ថែមលើសពីនេះទៀតលោកបានរំលេចផងដែរអំពីការបង្កើនអាហារូបករណ៍ ជាពិសេសការផ្លាស់ប្ដូរនូវនិស្សិតរវាងកម្ពុជា និងបេឡារុសឲ្យមានការកើនឡើងបន្ថែមទៀត។
សម្ដេចតេជោបានពេញចិត្តចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតបេឡារុស ក្នុងការជំរុញនូវពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគរវាងកម្ពុជា និងបេឡារុស។
សម្ដេចបានសង្កត់ធ្ងន់ថាប្រទេសទាំងពីរត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាក់ទងទៅនឹងវិស័យការពារជាតិ និងវិស័យនានាទៀតដែលធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ប៉ក់ សុឃីម;ង៉ាន់ សំណាង