ព្រឹត្តិការណ៍ «ទិវាយោគៈអន្តរជាតិ» នៅខេត្តសៀមរាប បានចូលរួមជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារឥណ្ឌា
សៀមរាប៖ ព្រឹត្តិការណ៍យោគៈអន្តរជាតិលើកទី១២ ត្រូវបានប្រារព្ធឡើងនៅសួនច្បារមុខព្រះរាជដំណាក់ ក្រុងសៀមរាប នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ។ ព្រឹត្តិការណ៍នេះ ត្រូវបាន ចាត់ទុកថា ជាការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារឥណ្ឌា។
នៅក្នុងពិធីបើកទិវាយោគៈ អន្តរជាតិលើកទី១២នេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបានលើកឡើងថា ព្រឹត្តិការណ៍យោគៈ បានចូលរួមលើកកម្ពស់សុខភាពផ្លូវកាយផង ផ្លូវចិត្តផង ហើយវាក៏បានជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារឥណ្ឌា ស្របពេលដែលឆ្នាំ២០២៦ ត្រូវបានបន្តជា «ឆ្នាំទេសចរណ៍កម្ពុជា ឥណ្ឌា»។ លើសពីនេះទៀត អ្វីដែលពិសេសសម្រាប់ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំបាននៅក្នុងអំឡុងពេលដែលក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ចាប់ពីខែឧសភា ដល់ខែតុលា នៅពេលដែលកម្ពុជា បញ្ចេញនូវសម្រស់ពិតប្រាកដរបស់ខ្លួន ជាមួយនឹងភាពស្រស់បំព្រងនៃធម្មជាតិ ពណ៌បៃតងខ្ចី និងបរិយាកាសបរិសុទ្ធ ដែលស័ក្តិសមបំផុតសម្រាប់ទេសចរណ៍បែបធម្មជាតិ អេកូទេសចរណ៍ និងការលំហែកាយដើម្បីសុខុមាលភាព។
លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជា-ឥណ្ឌា បានរៀបចំព្រឹត្តិការណ៍ជាច្រើនរួមគ្នាកន្លងមក និងទៅអនាគត ដើម្បីជាការផ្សព្វផ្សាយរួមគ្នានឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនង និងការតភ្ជាប់វិស័យទេសចរណ៍ ក៏ដូចជាទំនាក់ទំនង និងបេះដូងរវាងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការសម្រេចបាននូវការកសាងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនាពេលអនាគត។
ជាមួយគ្នានេះ លោក វ៉ាន់ឡាល់វ៉ាវណា បាវីតឡុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា បានលើកឡើងថា ប្រធានបទនៃទិវាយោកៈអន្តរជាតិលើកទី១២នេះ គឺ«យោគៈដើម្បីសុខភាពមនុស្ស» ដែលបានឆ្លុះបញ្ចាំងពីការទទួលស្គាល់ កាន់តែទូលំទូលាយនៅទូទាំងសកលលោកចំពោះយោគៈក្នុងនាមជាវិធីសាស្ត្របែបអភិក្រមរួមមួយ ដើម្បីលើកកម្ពស់សុខុមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។ យោគមានប្រភពដើមមកពីប្រទេសឥណ្ឌាបុរាណ។
ឆ្លងកាត់ជាច្រើនសតវត្សរ៍មកនេះ យោគៈបានរីកសាយភាយលើពិភពលោក គួរឱ្យទុកចិត្តមួយ ឆ្ពោះទៅរកការរស់នៅប្រកបដោយសុខភាពល្អ និងបច្ចុប្បន្ន ត្រូវបានប្រជាពលរដ្ឋនៅគ្រប់ទ្វីបទាំងអស់ទទួលយក និងអនុវត្តសកម្មភាពរស់រវើក គឺដោយសារតែការទទួលស្គាល់នូវតម្លៃទាំងនេះហើយ ទើបវិស័យយោគៈទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីបណ្តាប្រទេសចំនួន ១៧៧ នៅពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានសម្រេចអនុម័តយកថ្ងៃទី២១ ខែមិថុនា ធ្វើជាទិវាយោគៈអន្តរជាតិ កាលពីខែធ្នូ ឆ្នាំ២០១៤៕
អទ្ថបទ៖ ជា ស្រស់