សង្គម

អភិបាលខេត្តកំពង់ស្ពឺ ប្រាប់យុវជនខិតខំថែរក្សាសន្តិភាព កុំឱ្យរបបអាវខ្មៅវិលត្រលប់មកវិញ និងត្រូវអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនបន្តទៀត

image


កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានរំឭកដល់យុវជនជំនាន់ក្រោយកុំភ្លេចរបបអាវខ្មៅ(ប៉ុលពត) ហើយត្រូវខិតខំថែរក្សាសន្តិភាព និងសិក្សារៀនសូត្រពីវត្តិសាស្ត្រកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនបន្តទៀត។ ការរំឭកបែបនេះ ពេលលោកដឹកនាំមន្ត្រីរាជការនៃមន្ទីរ អង្គភាពចំណុះ កងកម្លាំងទាំងបីប្រភេទ យុវជនសសយកខេត្តកំពង់ស្ពឺ ចូលរួមដាក់កម្រងផ្កាគោរពដឹងគុណដល់វិញ្ញាណក្ខន្ធវីរជន វីរនារី ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ និងចូលរួមមីទ្ទិញរំឭកខួបលើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពួជសាសន៍ ប៉ុលពត ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ-កោះថ្មX16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត(២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៦) គឺជាការរំលឹកដល់ការលះបង់ដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តក្នុងការស្វែងរកមាគ៌ារំដោះជាតិ និងសង្គ្រោះប្រជាជនកម្ពុជាចេញពីរបបយង់ឃ្នង ដោយពេលនោះសម្តេចរួមនឹងយុទ្ធមិត្តបានចាកចេញពីទឹកដីកំណើត ឆ្លងកាត់ឧបសគ្គរាប់ម៉ឺនជំពូក ដោយចាប់ផ្តើមពីភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីបង្កើតចលនាតស៊ូរំដោះជាតិ រហូតឈានដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (២ ធ្នូ ១៩៧៨) និងការដួលរលំនៃរបប ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ លោកថា ថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា គឺជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត(១៧ មេសា ១៩៧៥-៧ មករា ១៩៧៩) និងជារបបដ៏ឃោរឃៅ និងខ្មៅងងឹតដែលបានសម្លាប់ប្រជាជនស្លូតត្រង់អស់ជាងបីលាននាក់។

លោក ជាម ច័ន្ទសោភ័ណ បានសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់សុទ្ធតែបានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក។ របបនេះបានកាប់សម្លាប់ បំផ្លិចបំផ្លាញ និងជម្លៀសប្រជាជនចេញពីទីលំនៅដោយបង្ខំ ព្រមទាំងបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម ដោយប្តូរបានមកវិញនូវបបរមួយវែកមានសុទ្ធតែទឹក។

មិនតែប៉ុណ្ណោះ ប្រជាជនកម្ពុជា ត្រូវបានស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំឱ្យបបនេះវិលត្រឡប់មកវិញ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជនជំនាន់ ត្រូវ
ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់បែបយ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនទៅមុខបន្ថែមទៀត៕

អត្ថបទ៖ ប៊ុត សារុន