ព័ត៌មានអន្តរជាតិ

ចិនប្រកាសផ្តល់កញ្ចប់ជំនួយដល់អ៊ីរ៉ង់ និងលីបង់ ដើម្បីស្តារសេដ្ឋកិច្ច និងជីវភាពឡើងវិញ

image


 
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន កាលពីថ្ងៃពុធ បានប្រកាសជាផ្លូវការនូវកញ្ចប់ជំនួយមនុស្សធម៌ថ្មីរបស់ចិនសម្រាប់ប្រទេសអ៊ីរ៉ង់ និងលីបង់ ក្នុងគោលបំណងជួយស្តារសេដ្ឋកិច្ច កសាងឡើងវិញ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន បន្ទាប់ពីចិនបានសម្តែងភាពសោកស្តាយយ៉ាងខ្លាំងចំពោះវិបត្តិមនុស្សធម៌ដែលបង្កឡើងដោយជម្លោះរវាងអាមេរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ ។
 
ជំហានមនុស្សធម៌របស់ចិននាពេលនេះ ធ្វើឡើងស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបថា ទីក្រុងវ៉ាស៊ីនតោនបានឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាម។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពសន្តិភាពនៅតែមានភាពមិនច្បាស់លាស់ ដោយសារតែភាគីអ៊ីស្រាអ៊ែល បានប្រកាសបដិសេធមិនគោរពតាមកិច្ចព្រមព្រៀងនេះឡើយ ហើយថែមទាំងបន្តបើកការវាយប្រហារលើតំបន់ក្រុមហេសបូឡាក្នុងប្រទេសលីបង់ដដែល ។
 
ក្រៅពីតំបន់មជ្ឈិមបូព៌ា ទីក្រុងប៉េកាំងក៏បានពង្រីកកម្មវិធីមនុស្សធម៌ទៅកាន់តំបន់អាហ្វ្រិកផងដែរ តាមរយៈការបញ្ជូនក្រុមអ្នកជំនាញ និងគ្រូពេទ្យចិនជិត ១,០០០ នាក់ ចុះជួយយុទ្ធនាការពួតដៃគ្នាជាមួយប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសអេបូឡា ដែលអង្គការសុខភាពពិភពលោក (WHO) ប្រកាសជាភាពអាសន្ននៃសុខភាពសាធារណៈកម្រិតសកល ។
 
ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាកំពុងក្តៅនៅសមុទ្រចិនខាងត្បូង លោក លីន ជៀន បានចេញមុខការពារយ៉ាងរឹងមាំចំពោះសកម្មភាពរបស់ចិននៅតំបន់កោះជម្លោះស្កាបូរ៉ូកស្យូល (Scarborough Shoal) ដោយសង្កត់ធ្ងន់ថា ការដាក់សំណង់បណ្តែតទឹកដើម្បីធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ គឺជាសិទ្ធិអធិបតេយ្យភាពទាំងស្រុងរបស់ចិន ព្រមទាំងបានព្រមានទៅកាន់ហ្វីលីពីន ឱ្យបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបញ្ឈប់សកម្មភាពញុះញង់នៅតាមផ្ទៃសមុទ្រជាបន្តទៀតទៅ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Xinhua.