ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីត្រាំ រិះគន់ និងព្រមានសម្ព័ន្ធមិត្តអ៊ីស្រាអ៊ែល ឱ្យមានឥរិយាបថល្អជាងមុន

image

បារាំង៖ នៅក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់កិច្ចប្រជុំកំពូល G7 លើកទី៥២ នៅប្រទេសបារាំង កាលពីថ្ងៃទី១៧ ខែមិថុនា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្ររវាងអាម៉េរិក និងអ៊ីរ៉ង់ ដែលបានសម្រេចកាលពីថ្ងៃអាទិត្យ អាចនឹងត្រូវចុះហត្ថលេខាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ ដែលលឿនជាងការគ្រោងទុក ។
 
តាមគម្រោងដើម ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមិនទាន់លាតត្រដាងខ្លឹមសារលម្អិតមួយនេះ ត្រូវរៀបចំឡើងនៅក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃសុក្រ ប៉ុន្តែរបត់វិវត្តចុងក្រោយបានបង្ហាញពីសញ្ញាវិជ្ជមានយ៉ាងរហ័ស ក្នុងការឈានទៅរកការបិទបញ្ចប់រលកអរិភាពរវាងប្រទេសទាំងពីរ ។
 
ទន្ទឹមនឹងដំណឹងសន្តិភាព លោក ដូណាល់ ត្រាំ ក៏បានធ្វើការរិះគន់ និងព្រមានចំៗទៅកាន់ប្រទេសសម្ព័ន្ធមិត្តអ៊ីស្រាអ៊ែល ឱ្យមានឥរិយាបថល្អជាងមុន ដោយលោកយល់ថា អ៊ីស្រាអ៊ែលមិនគួរឆ្លើយតបខ្លាំងដៃហួសហេតុពេកនោះទេ ដោយគ្រាន់តែមានដ្រូនពីរគ្រឿងបាញ់ចូលវាលខ្សាច់ ហើយធ្លាក់ដោយមិនបង្កគ្រោះថ្នាក់សោះ គឺអ៊ីស្រាអ៊ែលមិនចាំបាច់ទៅវាយកម្ទេចអគារនានានៅក្នុងទីក្រុងបេរូតនោះឡើយ ។
 
ស្ថានភាពនេះ បានឆ្លុះបញ្ចាំងពីភាពរកាំរកូសផ្នែកការទូត ខណៈដែលអ៊ីស្រាអ៊ែលបានបន្តយុទ្ធនាការយោធារបស់ខ្លួនយ៉ាងចាស់ដៃ និងបានប្រកាសជំហររឹងទទឺងថា ខ្លួនដាច់ខាតមិនដើរតាម ឬជាប់ជំពាក់ទៅនឹងកិច្ចព្រមព្រៀងសន្តិភាពដែលអាម៉េរិកធ្វើជាមួយអ៊ីរ៉ង់នោះឡើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (REUTERS/Jonathan Ernst/File Photo)/ VIORY.