រុស្ស៊ីសម្លឹងឃើញអាស៊ាន ជាទីផ្សារសេដ្ឋកិច្ចដ៏ធំ និងត្រៀមនាំយកវិស័យបច្ចេកវិទ្យា IT សន្តិសុខសាយប័រ និងភាពយន្តច្នៃប្រឌិតវាយលុកទីផ្សារអាស៊ាន
រុស្ស៊ី៖ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងទីក្រុងកាហ្សាន (Kazan) រដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក ម៉ាកស៊ីម រ៉េសិតនីកូវ (Maxim Reshetnikov) បានបង្ហាញការវាយតម្លៃខ្ពស់ ដោយចាត់ទុកប្លុកអាស៊ានថាជាទីផ្សារដ៏ធំ និងមានសក្តានុពលលូតលាស់លឿនបំផុតមួយសម្រាប់រុស្ស៊ី។
រដ្ឋាភិបាលទីក្រុងមូស្គូ បានលាតត្រដាងពីភាពជោគជ័យនៃទំនាក់ទំនងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះ ដោយរុស្ស៊ីបានបង្កើនទំហំនៃការនាំចូលទំនិញពីបណ្តាប្រទេសជាសមាជិកអាស៊ានរហូតដល់ ៧០ ភាគរយ ព្រមទាំងបានពង្រីកការនាំចេញទំនិញរបស់ខ្លួនទៅវិញទៅមកយ៉ាងខ្លាំងក្លាផងដែរ ។
នៅក្នុងជំនួបការទូតសេដ្ឋកិច្ចនេះ ភាគីទាំងសងខាងបានជជែកដេញដោលយ៉ាងស៊ីជម្រៅ លើការបង្កើនការផ្គត់ផ្គង់ថាមពល និងវត្ថុធាតុដើមសំខាន់ៗពីរុស្ស៊ីមកកាន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) និងផលិតផលប្រេងកាត ។
ក្រៅតែពីវិបត្តិថាមពល និងទំនិញទូទៅ រុស្ស៊ីក៏បានបង្វែរទិសដៅទៅរកកិច្ចសហប្រតិបត្តិការលើ «សេដ្ឋកិច្ចច្នៃប្រឌិត» ផងដែរ ដោយត្រៀមខ្លួនប្រកួតប្រជែងក្នុងទីផ្សារអាស៊ាន តាមរយៈផលិតផលបច្ចេកវិទ្យាព័ត៌មាន (IT) ប្រព័ន្ធសន្តិសុខសាយប័រ វីដេអូហ្គេម វិស័យភាពយន្ត និងខ្សែភាពយន្តគំនូរជីវចលជាដើម ។
រដ្ឋមន្ត្រីរុស្ស៊ីរូបនេះ សង្កត់ធ្ងន់ថា រុស្ស៊ីមានបទពិសោធន៍ និងជំនាញកម្រិតខ្ពស់រួចជាស្រេចលើផ្នែកបច្ចេកវិទ្យាទាំងនេះ ហើយលោកជឿជាក់ថា ប្រសិនបើមានយុទ្ធសាស្ត្រផ្សព្វផ្សាយទីផ្សារត្រឹមត្រូវ នោះផលិតផលរបស់រុស្ស៊ីនឹងអាចដណ្តើមបានចំណែកទីផ្សារយ៉ាងធំធេងនៅក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង ១១ ជាមិនខាន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ ERIA