ព័ត៌មានជាតិ

រដ្ឋមន្រ្តីចំនួន៣ក្រសួង ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ការត្រៀមរៀបចំព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបានឯកភាពគ្នាថា ការទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍នេះ គឺជា «ឱកាសដ៏កម្របំផុត» សម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្តានុពលដ៏សម្បូរបែបរបស់ខ្លួន ទៅកាន់ពិភពលោក

image

ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ នៃព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល រួមជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច» និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញរួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីពិគ្រោះយោបល់លើការត្រៀមរៀបចំព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ ឆ្នាំ២០២៦ ដែលគ្រោងនឹងរៀបចំក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងនាមកម្ពុជាជាប្រទេសម្ចាស់ផ្ទះ។

ក្នុងកិច្ចប្រជុំបានពិភាក្សាលើចំណុចគន្លឹះសំខាន់ៗដែលផ្តោតលើ ១. ផែនការសកម្មភាពជាក់លាក់ក្នុងការរៀបចំព្រឹត្តិការណ៍អមធំៗទាំងពីរ គឺ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) និង «ហ្វ្រង់កូតិច» (FrancoTech) ២. ការពិនិត្យឡើងវិញលើគម្រោងចំណាយ ៣. ការពិនិត្យលើសកម្មភាពដែលស្នើដោយក្រសួង-ស្ថាប័ន ក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍អមនីមួយៗ ៤. ការផ្សព្វផ្សាយទាក់ទាញការចូលរួម តាមរយៈspot video ។ ទន្ទឹមនឹងនេះ អង្គប្រជុំបានពិភាក្សាយ៉ាងលម្អិតលើការអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សំដៅធានាឱ្យការរៀបចំកម្មវិធីលំដាប់អន្តរជាតិនេះ ប្រព្រឹត្តទៅដោយរលូន អធិកអធម និងសម្រេចតាមការរំពឹងទុក សំដៅលើកកម្ពស់មុខមាត់ កិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

នៅក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី និងសហប្រធាន ព្រមទាំងអង្គប្រជុំទាំងមូល បានសម្តែងការឯកភាពគ្នាយ៉ាងខ្ពស់ថា ការទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ Francophonie នេះ គឺជា «ឱកាសដ៏កម្របំផុត» សម្រាប់ប្រទេសកម្ពុជា ក្នុងការបង្ហាញពីសក្តានុពលសិល្បៈ វប្បធម៌ ទេសចរណ៍ដ៏សម្បូរបែបរបស់ខ្លួនទៅកាន់ពិភពលោក។ ព្រឹត្តិការណ៍នេះនឹងក្លាយជាកាលានុវត្តភាពយុទ្ធសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគអន្តរជាតិ ជាពិសេសពីបណ្តាប្រទេសហ្រ្វង់កូហ្វូន ឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា ដែលកម្ពុជានឹងក្លាយជាច្រកផ្លូវសេដ្ឋកិច្ចដ៏សំខាន់សម្រាប់បណ្តាប្រទេសហ្វ្រង់កូហ្វូន ក្នុងការឈានជើងចូលមកទីផ្សារតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ថ្នាក់ដឹកនាំអង្គប្រជុំបានថ្លែងអំណរគុណ និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ មេត្តាពិនិត្យលទ្ធភាពចូលរួមក្នុងភាពជាដៃគូសហការឱ្យបានសកម្ម ព្រមទាំងផ្តល់មតិយោបល់លើការរៀបចំព្រឹត្តិការណ៍អមទាំងពីរឱ្យទទួលបានជោគជ័យ ស្របតាមការរំពឹងទុករបស់រាជរដ្ឋាភិបាល ដើម្បីជាឧត្តមប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ និងប្រជាជនខ្មែរ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី