ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា-ឥណ្ឌូណេស៊ី បង្កើនជើងហោះហើរជាមួយគ្នាឱ្យកាន់តែច្រើន ដើម្បីជំរុញដល់វិស័យទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន

image

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ និងបានជំរុញឱ្យប្រទេសទាំងពីរបង្កើន នូវជើងហោះហើរជាមួយគ្នា ឱ្យមានការកើនឡើងកាន់តែច្រើនដើម្បីធ្វើយ៉ាងណាជំរុញដល់វិស័យទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរកាន់តែមានភាពមមាញឹកជាងមុន។

មានប្រសាសន៍បែបនេះឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ហេណុក ពូរ៉ារ៉ូ (Henock Puraro) សមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាអនុប្រធានទី៣ នៃគណៈកម្មការសហប្រតិបត្តិការសភា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នាវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ។

យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោក ហេណុក ពូរ៉ារ៉ូ និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា។ សម្ដេចក៏បានឆ្លៀតឱកាសនេះអរគុណចំពោះការបដិសណ្ឋារកិច្ចចំពោះសម្ដេចតេជោ និងប្រតិភូក្នុងដំណើរនៃទស្សនកិច្ចរបស់សម្ដេចកាលពីឆ្នាំមុនទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ សម្ដេចបានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលជាទំនាក់ទំនងដ៏ល្អជាមួយគ្នានាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន។

នៅក្នុងឱកាសនោះ លោក ពូរ៉ារ៉ូ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោកនិងប្រតិភូបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។លោក បានកោតសរសើរចំពោះទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូនេស៊ីដែលមានភាពរឹងមាំ។ ក្នុងរយៈពេល ៧៥ឆ្នាំ កន្លងមកនេះ លោក បានហៅទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី ថាជាបងប្អូននឹងគ្នា ហើយឯកឧត្តមបានបញ្ជាក់ថា ប្រទេសទាំងពីរមានសក្តានុពលច្រើនក្នុងការពង្រឹងទំនាក់ទំនងជាមួយគ្នាជាពិសេសតាមរយៈទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ ក៏ជាផ្នែកមួយនៃជំរុញទំនាក់ទំនងផ្នែកពាណិជ្ជកម្មវិនិយោគ និងការអប់រំ រវាងកម្ពុជា និងឥណ្ឌូណេស៊ីឱ្យកាន់តែល្អប្រសើរផងដែរ។

ទន្ទឹមនឹងនោះ លោកបានបង្ហាញអំពីគោលដៅសំខាន់មួយដែរនៅក្នុងដំណើរទស្សនកិច្ចនេះ គឺក្នុងការពិភាក្សាទៅលើការគម្រោងនៃការបង្កើតវេទិកាប្រធានព្រឹទ្ធសភាអាស៊ីអាគ្នេយ៍ដែលជាគំនិតផ្ដួចផ្ដើមនាពេលកន្លងមករបស់សម្ដេចតេជោ និងប្រធានព្រឹទ្ធសភារបស់ឥណ្ឌូនេស៊ី។

សម្ដេចតេជោបានសម្ដែងនូវការអរគុណចំពោះការលើកឡើងដ៏ល្អរបស់ លោក ហេណុក ពូរ៉ារ៉ូ ចំពោះទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូនេស៊ី។ សម្ដេចតេជោបានលើកឡើងថា ក្នុងប្រវត្តិសាស្រ្ត ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី គឺមានភាពល្អនិងរឹងមាំជាបន្តបន្ទាប់ ហើយបច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងតែពូនជ្រុំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ សម្ដេចតេជោក៏បានលើកឡើងដែរ អំពីទំនាក់ទំនងនៅក្នុងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលសម្ដេចបានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្វើយ៉ាងណាជំរុញឱ្យទំនាក់ទំនងនេះកាន់តែមានភាពបើកជំហរ និងអាចពង្រីកនូវពាណិជ្ជកម្មកាន់តែមានភាពកើនឡើងបន្ថែមទៀត។

សម្ដេចបានសម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ។ បន្ថែមពីលើសពីនេះទាក់ទងទៅនឹងជើងហោះហើរប្រទេសទាំងពីបានភ្ជាប់ជើងហោះហើរជាមួយគ្នាទៀតផង។ សម្ដេចតេជោក៏បានឱ្យប្រទេសទាំងពីរជំរុញនូវជើងហោះហើរជាមួយគ្នា ឱ្យមានការកើនឡើងកាន់តែច្រើនដើម្បីធ្វើយ៉ាងណាជំរុញដល់វិស័យទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរកាន់តែមានភាពមមាញឹកជាងមុន។ ទន្ទឹមនឹងនោះ សម្ដេចតេជោក៏បានចែករំលែកនូវទស្សនទានទាក់ទងទៅនឹងគម្រោងនៃការបង្កើតនូវវេទិកាប្រធានព្រឹទ្ធសភាអាស៊ីអាគ្នេយ៍ ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេច និងប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី ហើយសម្ដេចបានចែករំលែកអំពីចំណុចស្នូលមួយចំនួនដែលវេទិកានេះគួរតែធ្វើនៅពេលខាងមុខ និងធ្វើការពិភាក្សា សិក្សាស្រាវជ្រាវបន្ថែមទៀតថាតើ លទ្ធភាព នៃតួនាទីវេទិកានេះ ត្រូវធ្វើនៅក្នុងក្របខណ្ឌណា៕

អត្ថបទ៖ឈឹម ធីតា
រូបភាព៖ង៉ាន់ សំណាង.ប៉ក់ សុខឃីម