លោករដ្ឋមន្ត្រី សុខ សូកេន ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ និងកំណត់ទិសដៅអនុវត្តបន្តរបស់ក្រសួងអធិការកិច្ច
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ និងតម្រង់ទិសការងារសំខាន់ៗរបស់នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធ នៅទីស្ដីការក្រសួង។
ក្នុងកិច្ចប្រជុំ អង្គប្រជុំបានស្ដាប់របាយការណ៍វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានអធិការកិច្ច និងនាយកដ្ឋានចំណុះ ព្រមទាំងពិភាក្សា និងផ្ដល់ធាតុចូលសំខាន់ៗ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ច និងការតាមដានការអនុវត្តច្បាប់។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពកន្លងមក។ ទន្ទឹមនឹងនេះ លោក បានណែនាំឱ្យបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ច បង្កើនប្រសិទ្ធភាពបទបញ្ជាផ្ទៃក្នុង លើកកម្ពស់ភាពច្បាស់លាស់នៃនីតិវិធីការងារ និងអនុវត្តផែនការសកម្មភាពពាក់ព័ន្ធការងារអធិការកិច្ចឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួងអធិការកិច្ច៕