ផ្លូវលំ ៣ខ្សែ ក្នុងភូមិតារាងបាល់ ក្រុងសិរីសោភ័ណ ដែលជាប់គាំងរាប់ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់ និងគ្រោងសាងសង់ជាផ្លូវបេតុង
បន្ទាយមានជ័យ៖ ផ្លូវលំចំនួន ៣ខ្សែ មានប្រវែងសរុបជាង ១.០០០ម៉ែត្រ ស្ថិតនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលជាប់គាំងក្នុងការដោះស្រាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ត្រូវបានអាជ្ញាធរក្រុងសិរីសោភ័ណដោះស្រាយបញ្ចប់ដោយជោគជ័យ និងគ្រោងសាងសង់ជាផ្លូវបេតុងនៅក្នុងឆ្នាំ២០២៦នេះ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា ផ្លូវទាំង ៣ខ្សែនេះធ្លាប់ជួបបញ្ហាវិវាទ និងការជំទាស់ពីប្រជាពលរដ្ឋមួយចំនួននៅដើមផ្លូវ ដែលធ្វើឱ្យការបើកទូលាយផ្លូវមិនអាចអនុវត្តបាន អស់រយៈពេលជាច្រើនឆ្នាំ។ ស្ថានភាពនេះបានបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាឧបសគ្គដល់ការចេញចូលរបស់រថយន្តសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យ ដោយសារផ្លូវមានទទឹងត្រឹមតែ ២ ទៅ ៣ម៉ែត្រប៉ុណ្ណោះ។
លោកបន្តថា ក្រោមការណែនាំរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរក្រុង សហការជាមួយអាជ្ញាធរភូមិ-សង្កាត់ និងភាគីពាក់ព័ន្ធ បានសម្របសម្រួលតាមយន្តការឈ្នះ-ឈ្នះ រហូតទទួលបានការឯកភាពពីប្រជាពលរដ្ឋ។ ជាលទ្ធផល ផ្លូវទាំង ៣ខ្សែត្រូវបានដោះស្រាយបញ្ចប់ និងគ្រោងសាងសង់ជាផ្លូវបេតុងតាមប្លង់គោល ដែលមានទទឹងពី ៤ ទៅ ៥ម៉ែត្រ។ បច្ចុប្បន្ន អាជ្ញាធរក្រុងបានជួលកម្មករ និងគ្រឿងចក្រចុះកាយទម្លាយរបង និងសំណង់ដែលរំលោភលើចំណីផ្លូវ ដើម្បីបើកផ្លូវឱ្យបានទូលាយ សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាពក្នុងការអន្តរាគមន៍ពេលមានគ្រោះអគ្គិភ័យកើតឡើង៕
អត្ថបទ៖ ប៊ុន សំណាង