បទយកការណ៍

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី រៀបចំឡើងនៅទីក្រុងកាហ្សាន ដើម្បីពង្រីកឥទ្ធិពលសេដ្ឋកិច្ចរុស្ស៊ីទៅកាន់អាស៊ាន

image

អាស៊ាន–រុស្ស៊ី៖ កិច្ចប្រជុំកំពូលអាស៊ាន–រុស្ស៊ី បានចាប់ផ្ដើមជាផ្លូវការហើយ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅក្នុងទីក្រុងប្រវត្តិសាស្ត្រកាហ្សាន (KAZAN) តំបន់ភាគកណ្ដាលប្រទេសរុស្ស៊ី ដោយមានការចូលរួមពីគណៈប្រតិភូមកពីគ្រប់បណ្ដាប្រទេសជាសមាជិកអាស៊ាន ក្នុងគោលបំណងអបអរសាទរខួប ៣៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការ និងការឆ្ពោះទៅរកការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយ ។

 

នៅក្នុងរបៀបវារៈសេដ្ឋកិច្ច និងថាមពលដ៏សំខាន់ នាយករដ្ឋមន្ត្រីថ្មីវៀតណាម លោក ឡេ មិញហ៊ុង (Le Minh Hung) បានអញ្ជើញទៅដល់ប្រទេសរុស្ស៊ី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ដើម្បីជជែកពិភាក្សាលើការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេង និងឧស្ម័ន ព្រមទាំងគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសវៀតណាម ក្រោមបច្ចេកវិទ្យារបស់រុស្ស៊ី ។

 

ទន្ទឹមនឹងនេះ ផ្នែកទំនាក់ទំនងការទូត និងសន្តិសុខតំបន់ ក៏មានរបត់ធំផងដែរ ដោយគេរំពឹងថា ប្រធានាធិបតីហ្វីលីពីន នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំនេះរួមគ្នាជាមួយលោក វ៉្លាឌីមៀ ពុទីន ព្រមទាំងត្រៀមរៀបចំជំនួបទ្វេភាគីដើម្បីអបអរសាទរខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។

 

បន្ថែមពីនេះ លទ្ធផលសេដ្ឋកិច្ច និងយុទ្ធសាស្ត្ររួមដែលរំពឹងទុកពីព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃនេះ រួមមានការចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើន ដែលគ្របដណ្ដប់លើវិស័យថាមពល វប្បធម៌ និងការដាក់ចេញនូវផែនការសកម្មភាពគ្រប់ជ្រុងជ្រោយមួយ ដើម្បីតម្រង់ទិសដៅនៃការអភិវឌ្ឍទំនាក់ទំនងរវាងអាស៊ាន និងរុស្ស៊ី សម្រាប់រយៈពេល ៤ឆ្នាំខាងមុខ ។

 

ក្នុងពេលដំណាលគ្នា ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពុទីន នឹងទទួលស្វាគមន៍ និងចូលរួមជំនួបពិភាក្សាការងារជាមួយមេដឹកនាំបរទេសស្ទើរតែទាំងអស់ដែលបានមកចូលរួម ហើយលោកក៏គ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅពេលបិទបញ្ចប់កិច្ចប្រជុំកំពូល ដើម្បីបង្ហាញពីលទ្ធផលផ្លែផ្កា និងព័ត៌មានលម្អិតនៃកិច្ចចរចាទ្វេភាគីទាំងនោះ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ RT | រូបភាព៖ Screenshot from RT video.