ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញ នៅក្រុងតាខ្មៅ មួយកន្លែង ដកហូតបានផលិតផលនាំចូលពីថៃ ចំនួន ១៨មុខ យកមករក្សាទុក ដើម្បីចាត់វិធានការបន្តទៅតាមច្បាប់

image

កណ្តាល៖ លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៦ ខែមិថុនា បានដឹកនាំក្រុមការងារចម្រុះ រួមមាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចុះត្រួតពិនិត្យជាក់ស្តែងឃ្លាំងស្តុកទំនិញចែកចាយប្រហិត និងផលិតផលផ្សេងៗ ១កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញផលិតផលដែលបាននាំចូលពីប្រទេសថៃ ចំនួន ១៨មុខ ទម្ងន់ប្រមាណ ៧៧៩គីឡូក្រាម ហើយត្រូវបានមន្ត្រីជំនាញ ដកហូតមករក្សាទុក ដើម្បីចាត់វិធានការបន្តទៅតាមច្បាប់។

ក្នុងឱកាសនោះ លោក ខុន សេរីរដ្ឋា បានណែនាំឱ្យម្ចាស់អាជីវកម្ម និងអ្នកនាំចូលទំនិញទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការនាំចូល ការស្តុកទុក និងការចែកចាយផលិតផលម្ហូបអាហារ ជាពិសេសត្រូវធានាឱ្យបាននូវគុណភាព សុវត្ថិភាព និងប្រភពច្បាស់លាស់នៃទំនិញ ដើម្បីការពារសុខភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ អ្វីដែលសំខាន់នោះគឺត្រូវបញ្ឈប់ការលក់ និងការនាំចូលទំនិញផ្សេងៗពីប្រទេសថៃតទៅទៀត។

សូមបញ្ជាក់ដែរថា ការចុះពិនិត្យឃ្លាំងទំនិញសង្ស័យមានប្រភពនាំចូលពីថៃជាបន្តបន្ទាប់នេះ គឺអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបានប្រកាសស្រាវជ្រាវដល់ឫសគល់មន្ត្រីពាក់ព័ន្ធ នាំទំនិញថៃចូលខ្មែរ ហើយនឹងជួបជាមួយថៅកែនាំចូលថៃបង្កកពីថៃដោយផ្ទាល់ដែរ។ សម្តេច បានប្រកាសបែបនេះ កាលពីថ្ងៃទី១១ ខែមិថុនា ក្នុងគោលបំណងដើម្បី រកមុខមន្ត្រីពាក់ព័ន្ធដទៃទៀត ដែលបើកដៃឱ្យនាំចូល ខណៈភាគីថៃ បន្តមើលងាយកម្ពុជាថាខ្វះទំនិញថៃមិនបាន។ លើសពីនេះ សម្ដេច ក៏បានបញ្ជាទៅអភិបាលរាជធានីភ្នំពេញ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បើកការស៊ើបអង្កេតហើយបន្តពិនិត្យតាមឃ្លាំងសាច់បង្កកធំៗបន្ថែមទៀត៕

អត្ថបទ៖ ឈុន សុភ័ក្រ