អាជ្ញាធរខេត្តកំពង់ឆ្នាំង បិទទីតាំងផលិតប្រេងប្រេងខ្មៅ និងសាប៊ូ មួយកន្លែង នៅក្នុងស្រុករលាប្អៀរ
កំពង់ឆ្នាំង៖ លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង សម្របសម្រួលនិតិវិធីដោយលោក ព្រះរាជអាជ្ញារង កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះ ចុះបិទសិប្បកម្មផលិតប្រេងខ្មៅ និងសាប៊ូ មួយកន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា ការចុះបិទសិប្បកម្មផលិតប្រេងខ្មៅ និងសាប៊ូ នៅក្នុងស្រុករលាប្អៀរនេះ ដោយសារមិនមានច្បាប់អនុញ្ញាត្តត្រឹមត្រូវពីក្រសួងជំនាញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមចម្រុះរបស់ខេត្ត បានចុះពិនិត្យ និងណែនាំឲ្យម្ចាស់សិប្បកម្មមួយនេះផ្អាកដំណើរការសិន ដោយទុករយៈពេល១០ថ្ងៃឲ្យម្ចាស់សិប្បកម្មធ្វើច្បាប់ឲ្យបានត្រឹមត្រូវទើបអនុញ្ញាត្តឲ្យដំណើរការឡើងវិញ។ ជាក់ស្តែងមកដល់នឹងពេលនេះសិប្បកម្ម នៅតែមិនទាន់មានច្បាប់ទៀត ទើបអាជ្ញាធរសម្រេចបិទតែម្តង ៕