ព័ត៌មានជាតិ

ក្រុមហ៊ុនប្រមូលសំរាម វែងសេងហ្គ្រីន បានយល់សំអាតទីតាំងចាក់សំរាម និងជួសជុលផ្លូវមួយខ្សែឡើងវិញ បន្ទាប់ពីមន្ត្រីអនុវត្តតាមនីតិវិធីច្បាប់ចំពោះក្រុមហ៊ុន

image

កំពង់ស្ពឺ៖ អាជ្ញាធរភូមិស្នួលជ្រុំ ភូមិបឹងងោង សមាជិកក្រុមប្រឹក្សាឃុំទឹកល្អក់ និងប្រជាពលរដ្ឋបានសាទរ ក្រោយក្រុមហ៊ុនវែងសេងហ្គ្រីន បានសំអាតទីតាំងចាក់សំរាម និងជួសជុលផ្លូវមួយខ្សែ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ បន្ទាប់ពីទទួលបានការណែនាំពីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។

លោក វែង សេង ប្រធានក្រុមហ៊ុន វែងសេងហ្គ្រីន បានឱ្យដឹងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ថា ក្រុមហ៊ុនបានទទួលការណែនាំពីមន្ទីរបរិស្ថានខេត្ត បន្ទាប់ពីក្រុមហ៊ុននេះ ដឹកសំរាម និងសំណល់ស្វាយ(សំបក និងគ្រាប់)ទៅចាក់ចោលពាសវាលពាសកាលលើដីស្រែប្រជាពលរដ្ឋ និងដីសាធារណៈបង្កឱ្យមានក្លិនអាក្រក់ប៉ះពាល់ដល់បរិស្ថាន សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ល្មើសនឹងមាត្រា ១៥៦ មាត្រា ១៥៩ និងមាត្រា ៨២៦ នៃក្រមបរិស្ថាន និងធធានធម្មជាតិ។ បន្ទាប់ពីបានការណែនាំ ក្រុមហ៊ុនបានសម្រេចធ្វើការសំអាតទីតាំងខាងលើ ដោយដឹកកាកសំំណល់សំរាមដែលនៅរាយប៉ាយចេញ និងបានជួសជុលផ្លូវមួយខ្សែប្រវែងជិត៧គីឡូម៉ែត្រ ដោយចាក់គ្រួសក្រហម ហើយក្រុមហ៊ុនក៏បានកាយដាក់លូរំដោះទឹកបញ្ជៀសការជន់លិចផ្លូវដែលនាំឱ្យមានខូចខាតបន្តទៀតផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន វែងសេងហ្គ្រីន ត្រូវបានមន្ទីរបរិស្ថានរកឃើញកំហុសចាក់សំរាមពាសវាលពាសកាល និងបង្កជាក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន ក្នុងនោះតម្រូវឱ្យទទួលរងការពិន័យអន្តរការណ៍ សងការខូចខាត និងត្រូវបញ្ឈប់សកម្មភាពចោលសំរាមផ្តេសផ្តាស់ជាបន្ទាន់។ ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការណែនាំ មន្ទីរជំនាញ នឹងផ្អាកការចេញអាជ្ញាប័ណ្ណបន្តអាជីវកម្មឱ្យក្រុមហ៊ុនធ្វើសកម្មភាពលើស្រុកគងពិសីបន្តទៀត៕

អត្ថបទ៖ ប៊ុត សារុន