គ្រោះរញ្ជួយដីកម្រិត ៦.៧ វាយប្រហារតំបន់ស៊ូឡាវេស៊ី ប្រទេសឥណ្ឌូណេស៊ី បង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន
ឥណ្ឌូណេស៊ី៖ គ្រោះរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រ បានវាយប្រហារចំតំបន់ស៊ូឡាវេស៊ីកណ្ដាល (Central Sulawesi) ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដោយបានបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើននៅទូទាំងទីក្រុងប៉ាលូ (Palu) និងតំបន់ជុំវិញនោះ ដែលធ្វើឱ្យកងកម្លាំងសង្គ្រោះបន្ទាន់ ត្រូវចុះជួយអន្តរាគមន៍ភ្លាមៗ ។
នៅក្នុងហេតុការណ៍នោះ គ្រោះមហន្តរាយរញ្ជួយដី បានកើតឡើងចំពេលដែលសាលប្រជុំនៃសកលវិទ្យាល័យ តាឌូឡាកូ (Tadulako) កំពុងប្រារព្ធពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សារបស់សិស្សបឋមសិក្សា ប៉ុន្តែជាសំណាងល្អ មនុស្សគ្រប់គ្នាដែលមានវត្តមាននៅក្នុងអគារនោះ អាចរត់គេចខ្លួន និងសង្គ្រោះជីវិតបានទាន់ពេល ។
បើទោះបីជាមិនមានរបាយការណ៍អំពីមនុស្សបាត់បង់ជីវិតភ្លាមៗក៏ដោយ ប៉ុន្តែអាជ្ញាធរបានបញ្ជាក់ថា មានមនុស្សយ៉ាងហោចណាស់ ៨នាក់ បានរងរបួសនៅក្នុងស្រុកស៊ីហ្គី (Sigi) ក្នុងនោះមាន ២នាក់រងរបួសធ្ងន់ ខណៈបច្ចុប្បន្ន ប្រជាពលរដ្ឋបានចាប់ផ្តើមត្រឡប់មកប្រកបរបររស់នៅជាធម្មតាវិញ ក្រោមការអំពាវនាវឱ្យមានការប្រុងប្រយ័ត្នពីគ្រោះរញ្ជួយដីតូចៗជាបន្តបន្ទាប់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.