ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ប្រកាសមិនយកពន្ធកប៉ាល់ឆ្លងកាត់ច្រកសមុទ្រហ័រមូស តែត្រៀមគិតថ្លៃសេវាកម្មនាំផ្លូវ និងធានារ៉ាប់រង

image


 
អ៊ីរ៉ង់៖ ទាក់ទិននឹងបញ្ហាសេដ្ឋកិច្ច និងលំហូរពាណិជ្ជកម្មអន្តរជាតិ ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីដើមសប្ដាហ៍នេះ បានប្រកាសថា ខ្លួនមិនមានគោលការណ៍ប្រមូលពន្ធឆ្លងកាត់ ពីនាវាដឹកទំនិញនៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រមូស ឡើយ ប៉ុន្តែអ៊ីរ៉ង់ និងអូម៉ង់ នឹងសហការគ្នាបង្កើតការគិតថ្លៃសេវាកម្មចាំបាច់នានាវិញ ដូចជាសេវាកម្មនាំផ្លូវនាវាចរណ៍ ការពារបរិស្ថាន និងការធានារ៉ាប់រងកប៉ាល់ជាដើម ។
 
ដំណឹងនៃការបើកច្រកសមុទ្រនេះ ធ្វើឡើងស្របពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសបើកផ្លូវទឹកឡើងវិញនៅថ្ងៃសុក្រ ក្រោមយុទ្ធសាស្ត្រជំរុញលំហូរប្រេងឆៅ ខណៈកិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលទាំងការដកកងទ័ពជើងទឹកអាម៉េរិកចេញពីការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ និងត្រៀមលើកលែងទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនថែមទៀតផង ។
 
ងាកមកមើលផ្នែកនយោបាយ និងសន្តិសុខវិញ អ្នកនាំពាក្យការបរទេសអ៊ីរ៉ង់ លោក អេសម៉ាអ៊ីល បាខៃ (Esmaeil Baqaei) បានអះអាងយ៉ាងច្បាស់ថា បទឈប់បាញ់ និងការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសលីបង់ គឺជាបញ្ហាស្នូលដែលមិនអាចខ្វះបាននៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយនៅក្នុងសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ឬ MOU មានចែងចំឈ្មោះប្រទេសលីបង់រហូតដល់ទៅ ៣ដងឯណោះ ។
 
ភាគីអ៊ីរ៉ង់ ក៏បានព្រមានទៅកាន់សហរដ្ឋអាម៉េរិក ឱ្យបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការធានាថា អ៊ីស្រាអ៊ែលនឹងគោរពតាមការព្រមព្រៀងឈប់បាញ់នៅក្នុងប្រទេសលីបង់ បើពុំដូចនោះទេ អ៊ីរ៉ង់នឹងបើកការវាយបកតបតវិញជាមិនខាន ទោះបីជាពេលនេះ ភាគីអ៊ីស្រាអ៊ែលបានប្រកាសទាត់ចោលថាមិនបានដឹងឮក្នុងកិច្ចព្រមព្រៀងនេះក៏ដោយ ។
 
ថ្វីបើខ្លឹមសារលម្អិតទាំងស្រុងមិនទាន់ត្រូវបានលាតត្រដាងជាផ្លូវការ ប៉ុន្តែនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល បានបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់គ្នារយៈពេល ៦០ថ្ងៃ និងការចរចាពីកម្មវិធីនុយក្លេអ៊ែរនេះ នឹងត្រូវភាគអាម៉េរិក​ និងអ៊ីរ៉ង់ ធ្វើដំណើរទៅចុះហត្ថលេខាជាផ្លូវការរួមគ្នានៅក្នុងប្រទេសស្វីស នាថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ shutterstock on Microsoft Bing.