រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់គ្រូពេទ្យ ត្រូវរក្សាភាពឆ្នើម ជាវប្បធម៌ការងារ ដែលផ្អែកលើវិន័យ ការទទួលខុសត្រូវ និងការកែលម្អជាប្រចាំ
សៀមរាប៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យនៅមណ្ឌលសុខភាពគោកចក ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានណែនាំដល់គ្រូពេទ្យទាំងអស់ ត្រូវរក្សាភាពឆ្នើមឱ្យក្លាយជាវប្បធម៌៖ «ការទទួលចំណាត់ថ្នាក់ម្តងរឺពីរដង អាចកើតចេញពីការខិតខំប្រឹងប្រែង ប៉ុន្តែការរក្សាភាពឆ្នើមជាបន្តបន្ទាប់ ត្រូវការវប្បធម៌ការងារដែលផ្អែកលើវិន័យ ការទទួលខុសត្រូវ និងការកែលម្អជាប្រចាំ។»
លោករដ្ឋមន្ត្រី មានប្រសាសន៍ដែរថា កុំពេញចិត្តត្រឹមភាពជោគជ័យបច្ចុប្បន្ន៖ «ជោគជ័យថ្ងៃនេះ គឺជាមូលដ្ឋានសម្រាប់ជោគជ័យធំជាងនេះនៅថ្ងៃស្អែក។ សូមកុំឈប់នៅត្រឹមការទទួលស្គាល់ ប៉ុន្តែត្រូវបន្តបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត។»
ក្រុមគ្រូពេទ្យ ត្រូវបន្តបង្កើនទំនុកចិត្តប្រជាពលរដ្ឋ៖ «គោលដៅសំខាន់មិនមែនត្រឹមតែព្យាបាលជំងឺទេ ប៉ុន្តែធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តថា មណ្ឌលសុខភាពរដ្ឋគឺជាជម្រើសទី១ និងជាជម្រើសដែលជឿជាក់ជាប្រចាំ។»
ជាមួយគ្នានោះ ការច្នៃប្រឌិតចាប់ផ្តើមពីមូលដ្ឋាន៖ «គំនិតថ្មី និងដំណោះស្រាយល្អជាច្រើន មិនមែនផ្តេីមនៅតែការិយាល័យកណ្តាលទេ ប៉ុន្តែផ្តេីមចេញពីបទពិសោធន៍ជាក់ស្តែងនៅមណ្ឌលសុខភាព។ សូមបន្តគិត បន្តច្នៃប្រឌិត និងបន្តកែលម្អ។»
ក្នុងឱកាស ចុះពិនិត្យនោះ លោករដ្ឋមន្រ្តី ក៏បានថែ្លងអំណរគុណ និងកោតសសើរផងដែរ នូវការខិតខំរបស់សហភាតរៈបម្រើការងារនៅមណ្ឌលសុខភាព គោកចក ខេត្តសៀមរាប ដែលជាមណ្ឌលសុខភាពគោលដៅគំរូ ក្នុងឆ្នាំ២០២៥ ៕
អត្ថបទ៖ សន ពិសិដ្ឋ