ធ្លាក់យន្តហោះហ្វឹកហ្វឺននៃកងទ័ពអាកាសប៉ាគីស្ថាន ផ្ដាច់ជីវិតមន្ត្រីទ័ពអាកាស និងទ័ពជើងទឹក ចំនួន២រូប
ប៉ាគីស្ថាន៖ កាមេរ៉ាសុវត្ថិភាព បានថតជាប់ទិដ្ឋភាពដ៏រន្ធត់នៃការធ្លាក់យន្តហោះហ្វឹកហ្វឺនកងទ័ពអាកាសប៉ាគីស្ថាន ទៅលើផ្លូវថ្នល់មួយកន្លែងនៅក្នុងទីក្រុងម៉ាដាន់ (Mardan) ខេត្តឃីប៊ឺ ប៉ាក់ទូនខ្វា (Khyber Pakhtunkhwa) កាលពីថ្ងៃចន្ទ ដែលឧបទ្ទវហេតុនេះ បានបណ្តាលឱ្យពីឡុតទាំង ២នាក់នៅលើយន្តហោះបានបាត់បង់ជីវិតភ្លាមៗ។
យោងតាមការបញ្ជាក់ពីនាយកដ្ឋានទំនាក់ទំនងសាធារណៈអន្តរកងទ័ព (ISPR) ឱ្យដឹងថា យន្តហោះយោធានេះ បានជួបគ្រោះថ្នាក់ធ្លាក់ ក្នុងអំឡុងកំពុងហោះហើរហ្វឹកហ្វឺន ដោយជនរងគ្រោះរួមមានពីឡុតកងទ័ពអាកាស លោក មូហាំម៉ាត់ កាស៊ីម អាប់ឌុលឡាហ៍ (Muhammad Qasim Abdullah) និងមន្ត្រីកងទ័ពជើងទឹក លោក ថាហា អាប់បាស៊ី (Taha Abbasi) ។
ភ្លាមៗបន្ទាប់ពីកើតហេតុ ទីបញ្ជាការកងទ័ពអាកាសប៉ាគីស្ថាន បានប្រកាសបង្កើតគណៈកម្មការស៊ើបអង្កេតមួយ ដើម្បីស្រាវជ្រាវស្វែងរកមូលហេតុពិតប្រាកដនៅពីក្រោយគ្រោះថ្នាក់នេះ។ គិតត្រឹមពេលប្រកាសព័ត៌មាន អាជ្ញាធរមិនទាន់បានបញ្ចេញព័ត៌មានពីមូលហេតុនៃការធ្លាក់ឡើយ ប៉ុន្តែសំណាងល្អមិនមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ។
ជុំវិញការបាត់បង់ដ៏សង្វេគនេះ អគ្គមេបញ្ជាការកងទ័ពជើងគោកប៉ាគីស្ថាន លោកសេនាប្រមុខ អាស៊ីម មូនីរ (Asim Munir) រួមទាំងមេបញ្ជាការយោធាជាន់ខ្ពស់ និងកងកម្លាំងគ្រប់ជាន់ថ្នាក់នៃកងទ័ពអាកាស បានចេញមុខសម្តែងក្ដីសោកស្តាយយ៉ាងជ្រាលជ្រៅ និងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំទៅកាន់ក្រុមគ្រួសារនៃសពពីឡុតទាំងពីររូបផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.