ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង លើកទឹកចិត្តដល់យុវជន ចូលរៀនជំនាញ ដើម្បីទទួលបានការងារ និងប្រាក់ចំណូល ខណៈមកទល់ពេលនេះ យុវជនជាង ៨ពាន់នាក់ កំពុងទទួលការបណ្តុះបណ្តាល

image

ព្រៃវែង៖ អភិបាលខេត្តព្រៃវែង លោក សួន សុម៉ាលីន បានលើកទឹកចិត្តដល់យុវជន ដាក់ពាក្យចូលរៀនជំនាញច្បាស់លាស់ ក្រោមកម្មវិធី TVET ដើម្បីទទួលបានឱកាសការងារ និងប្រាក់ចំណូល។

ការលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពិធីអបអរសាទរទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” ដែលបានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា នា វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង។

លោកអភិបាលខេត្ត បានលើកឡើងថា TVET គឺជាកត្តាសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងពង្រឹងជំនាញយុវជនឲ្យមានសមត្ថភាពខ្ពស់ ដើម្បីទទួលបានការងារល្អ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា ខេត្តព្រៃវែង បានជំរុញការអនុវត្តកម្មវិធីនេះយ៉ាងសកម្ម ដោយគិតមកទល់ពេលនេះ មានអ្នកចុះឈ្មោះចូលរៀនសរុប ៨,០៨៩នាក់ ក្នុងនោះស្រី ៥,០៨៩នាក់។

បើតាមលោក ម៉ឹង វណ្ណា នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង បានមានប្រសាសន៍ថា ការប្រារព្ធទិវានេះ មានគោលបំណងផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញឲ្យមានគុណភាព ស្របតាមតម្រូវការទីផ្សារការងារ ជាពិសេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។

លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥-២០២៦ វិទ្យាស្ថានបានបណ្តុះបណ្តាលចំនួន ១៧៨វគ្គ និងមានសិស្ស-និស្សិតបញ្ចប់ការសិក្សាសរុប ៣,៣៨២នាក់ ក្នុងនោះ មានការបញ្ចប់សិក្សាចាប់ពីសញ្ញាបត្របច្ចេកទេសកម្រិតផ្សេងៗ។។


ដោយ៖ តែ ផានិត