ព័ត៌មានជាតិ

រដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ប្រារព្ធពិធីថ្វាយព្រះពរជ័យសិរីមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់៩០ យាងចូល៩១ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

image

បាត់ដំបង៖ រដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីថ្វាយព្រះពរជ័យសិរីមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់៩០ យាងចូល៩១ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ។

ពិធីនេះបានដំណើរការទៅដោយមានការចូលរួមពី លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រះមន្ត្រីសង្ឃខេត្តទាំងពីរគណៈ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជុំវិញខេត្ត ជាច្រើនទៀត ។

នៅក្នុងសារលិខិតថ្វាយព្រះពរ អានដោយលោក សុខ លូ បានបញ្ជាក់ថា ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្រ្តីរាជការនៃរដ្ឋបាលបាលខេត្តបាត់ដំបង មានសេចក្តីសោមនស្សរីករាយជាអនេកប្បការ និងសូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនាជយាមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជានុរាស្ត្រ ជាកូន ចៅ ចៅទួតរបស់ព្រះអង្គជ្រកកោន ក្នុងក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍ ។

សូមអភិវន្ទថ្វាយនូវព្រះរាជកតញ្ញូ កតវេទិតាដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គ តែងតែបានយ៉ាងដង្ហែព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្តមនៃព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងពុទ្ធចក្រ និងអាណាចក្រ កសាងនូវព្រះរាជសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ច្រើនសន្ធឹកសន្ធាប់ ទុកជាមរតកដ៏មានតម្លៃឥតគណនាចំពោះជាតិ មាតុភូមិ ។

ជាក់ស្តែងព្រះរាជវីរគំរូមនុស្សធម៌នៃ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រោសព្រះរាជូបត្ថម្ភ គាំទ្រកាកបាទក្រហមកម្ពុជា គ្រប់កាលៈទេសៈ ផ្ដល់នូវកម្លាំងចិត្តដ៏ធំធេងដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងសហការីយាងដង្ហែតាម ដើម្បីឧត្តមប្រយោជន៍ប្រជារាស្ត្រ ជាតិ សាសនា ព្រះមហាក្សត្រ ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំទេយ្យទានសម្រាប់ប្រគេន ព្រះមន្ត្រីសង្ឃចំនួន ៩អង្គ ក្នុង១អង្គ ប្រគេន ៖ កន្ត្រកផ្លែឈើ១កន្ត្រក ចង្ហាន់ និងបង្អែម ១ស្រាក់ ទឹកក្រូច២កេស ទឹកបរិសុទ្ធ ២កេស និងបច្ច័យចំនួន១០ម៉ឺនរៀលផងដែរ ៕

ដោយ ៖ គួយ គឹមស៊ន