សង្គម

អភិបាលខេត្តកណ្តាល ដឹកនាំកម្លាំងបង្ក្រាបឃ្លាំងស្តុកសាច់បង្កក និងចំណីអាហារសង្ស័យខូចគុណភាពជិត ៩តោន នៅស្រុកអង្គស្នួល

image


កណ្តាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចម្រុះ រួមមានតំណាងអយ្យការ មន្ត្រី ក.ប.ប. អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក និងចំណីអាហារចំនួន២ទីតាំង នៅឃុំបែកចាន ស្រុកអង្គស្នួល ដែលប្រើប្រាស់យីហោ TSP។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញភាពមិនប្រក្រតីជាច្រើន រួមមានការស្តុកទុកផលិតផលគ្មានកាលបរិច្ឆេទផលិត ឬផុតកំណត់ប្រើប្រាស់ ទូបង្កកមិនដំណើរការតាមស្តង់ដារ និងការរកឃើញឧបករណ៍វេចខ្ចប់ឡើងវិញ ដែលសង្ស័យពាក់ព័ន្ធនឹងការកែប្រែកាលបរិច្ឆេទប្រើប្រាស់ ដើម្បីបន្លំអ្នកប្រើប្រាស់។ ផលិតផលសង្ស័យមួយចំនួនត្រូវបានយកសំណាកទៅវិភាគបន្ថែម ខណៈទំនិញដែលបង្កហានិភ័យដល់សុខភាពសាធារណៈ នឹងត្រូវកម្ទេចចោលតាមនីតិវិធី។

លោក គួច ចំរើន បានបញ្ជាក់ថា អាជ្ញាធរ នឹងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះអ្នកពាក់ព័ន្ធ។ ជាមួយគ្នានេះ ក្រុមការងារ បានដកហូតប្រហិត ហតដក និងចំណីអាហារចម្រុះសរុបទម្ងន់ប្រមាណ ៨,៨៩០គីឡូក្រាម។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជីវករ និងអ្នកចែកចាយដែលទទួលផលិតផលពីក្រុមហ៊ុន TSP សូមផ្អាកការលក់ជាបន្ទាន់ និងសហការជាមួយអាជ្ញាធរ ដើម្បីការពារសុខភាពប្រជាពលរដ្ឋពីផលិតផលគ្មានសុវត្ថិភាព៕

អត្ថបទ៖ ឈុន សុភ័ក្រ