សង្គម

អភិបាលខេត្តកំពង់ស្ពឺ ប្រាប់យុវជនឱ្យផ្លាស់ប្តូរផ្នត់គំនិត និងត្រូវចាត់ទុកការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាការសិក្សាដែលមានតម្លៃដូចវិស័យការសិក្សាដទៃទៀតដែរ

image


កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម បានលេីកឡេីងងថា យុវជនត្រូវផ្លាស់ប្តូរផ្នត់គំនិត និងត្រូវចាត់ទុកការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ជាការសិក្សាដែលមានតម្លៃ និងកិត្តិយសដូចវិស័យសិក្សាដទៃទៀតដែរ ព្រោះជំនាញវិជ្ជាជីវៈជាមូលដ្ឋានដ៏សំខាន់សម្រាប់ការងារ ការបង្កើនប្រាក់ចំណូល និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការលើកឡេីងដូច្នេះ ក្នុងឱកាសអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ«TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅវិទ្យាស្ថានពហុបច្ចេក ខេត្តកំពង់ស្ពឺ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដោយផ្ដល់ឱ្យអ្នកសិក្សានូវចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព និងឥរិយាបទការងារចាំបាច់ ដើម្បីក្លាយជាកម្លាំងពលកម្មជំនាញ និងអ្នកបច្ចេកទេសដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។

ជាមួយគ្នានេះ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បានរួមចំណែកកាត់បន្ថយគម្លាតជំនាញក្នុងទីផ្សារការងារ ពង្រឹងសមត្ថភាព និងភាពធន់របស់កម្លាំងពលកម្មទៅនឹងការប្រែប្រួលសេដ្ឋកិច្ច ការវិវត្តនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗ។ លើសពីនេះ វាជួយឱ្យយុវជនអាចចាប់យកឱកាសការងារបានកាន់តែលឿន កាត់បន្ថយភាពគ្មានការងារធ្វើ និងពង្រីកការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យកាន់តែមានប្រសិទ្ធភាព។

លោកអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ(TVET) មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស ដោយជួយផ្តល់ឱ្យអ្នកសិក្សា នូវចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព និងឥរិយាបទការងារ ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ អ្នកបច្ចេកទេស និងអាចមានលទ្ធភាពចូលរួមក្នុងទីផ្សារការងារ។ បន្ថែមពីនេះការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ធ្វើឱ្យកម្លាំងពលកម្ម និងមូលធនមនុស្សរបស់យើងមានភាពធន់ នឹងការបម្រែបម្រួលនៃស្ថានភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ទីផ្សារការងារ ការវិវត្តនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងជួយ ឱ្យយុវជនចាប់យកឱកាសការងារបានឆាប់រហ័ស កាត់បន្ថយភាពឥតការងារធ្វើ ក៏ដូចជាជំរុញការចូលរួមចំណែករបស់យុវជន បានកាន់តែទូលំទូលាយ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

លោក ជាម ច័ន្ទសោភ័ណ ក៏បានគូសបញ្ជាក់បន្ថែមថា ការអភិវឌ្ឍធនធានមនុស្សគឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងសម្រាប់ពេលអនាគត សំដៅជំរុញកែប្រែ និងធ្វើទំនើបកម្មរចនា សម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ និងចូលរួមចំណែកសម្រេចឱ្យ បាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទ៖​ ប៊ុត សារុន