សង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រួតពិនិត្យ និងសិក្សាពីស្ថានភាពច្រកទ្វារព្រំដែន សម្រាប់ត្រៀមរៀបចំបង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម

image


ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីត្រួតពិនិត្យ និងសិក្សាអំពីស្ថានភាពច្រកទ្វារព្រំដែនដែលមានស្រាប់ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីត្រៀមរៀបចំបង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោក រវាងកម្ពុជា-វៀតណាម ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមតម្រូវការជាក់ស្ដែង។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមវត្តមានលោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង រួមជាមួយលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ។

នៅក្នុងកិច្ចប្រជុំនេះ ក្រុមការងារអន្តរក្រសួង រួមជាមួយថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ បានពិនិត្យ និងវាយតម្លៃស៊ីជម្រៅទៅលើលក្ខខណ្ឌភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ន ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមបណ្តាច្រកទ្វារព្រំដែននានាក្នុងខេត្ត។ ការពិភាក្សាក៏បានផ្តោតលើលទ្ធភាព និងយន្តការក្នុងការបង្កើតច្រកទ្វារព្រំដែនថ្មី ក៏ដូចជាការដំឡើងកម្រិតច្រកទ្វារព្រំដែនដែលមានស្រាប់ ឱ្យក្លាយទៅជាច្រកទ្វារអន្តរជាតិ ឬទ្វេភាគី ដែលអាចជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ៕